(មូស្គូ)៖ ប្រទេសរុស្ស៊ី បានចេញសេចក្ដីព្រមានមួយទៅកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី និងចិន បានថ្កោលទោសរួមគ្នាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា «យើងចង់ព្រមានជាពិសេសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើអន្តរាគមន៍យោធាក្នុងស្ថានភាពនេះ»។ លោកស្រីបានបន្ថែមថា ទង្វើបែបនេះ «នឹងជាជំហានដ៏គ្រោះថ្នាក់បំផុត ជាមួយនឹងផលវិបាកអវិជ្ជមានដែលមិនអាចទាយទុកជាមុនបាន»។
កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ រុស្ស៊ី និងចិនបានបញ្ជាក់ជំហររួមគ្នាដោយ «ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល»។ ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានបញ្ជាក់បន្ថែមថា មេដឹកនាំទាំងពីរជឿជាក់ថា ការបញ្ចប់អរិភាព «គួរតែត្រូវបានសម្រេចដោយមធ្យោបាយនយោបាយ និងការទូតតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកកំពុងពិចារណាថាតើត្រូវចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែលឬអត់ ដោយលោកបាននិយាយថា «ខ្ញុំអាចនឹងធ្វើវា ខ្ញុំអាចនឹងមិនធ្វើវា»។
ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបវិញដោយការបាញ់មីស៊ីល និងដ្រូន៕