(ហ្សឺណែវ)៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលផ្តល់វេទិកាឲ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងសុន្ទរកថា នៅមុនពេលកិច្ចចរចាបន្ទាន់មួយដើម្បីបន្ធូរបន្ថយជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Daniel Meron បានបញ្ជាក់ថា ការផ្តល់វេទិកាដល់អ៊ីរ៉ង់ គឺជា "ការក្បត់យ៉ាងច្បាស់ចំពោះជនរងគ្រោះជាច្រើននៃរបបនេះ» ហើយបន្ត «ធ្វើឲ្យខូចដល់ភាពជឿជាក់នៃក្រុមប្រឹក្សា»។ មិនតែប៉ុណ្ណោះ លោកបានចោទអ៊ីរ៉ង់ថា បានប្រើប្រាស់ក្រុមប្រឹក្សានេះ ដើម្បី «ផ្សព្វផ្សាយយុទ្ធនាការផ្តាច់ការរបស់ខ្លួន»។

ទោះបីជាមានការជំទាស់ក៏ដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ជាក់កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងត្រូវបានផ្តល់វេទិកាឲ្យថ្លែងសុន្ទរកថា។ ភ្លាមៗបន្ទាប់ពីនោះ លោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងសមភាគីរបស់លោកមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ (ហៅកាត់ថា E3) ក្នុងគោលបំណងបន្ធូរបន្ថយជម្លោះ។

កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវ បានថ្លែងទៅកាន់ក្រុមប្រឹក្សានេះរួចហើយ ដោយបានចោទប្រកាន់ការវាយប្រហាររបស់អ៊ីស្រាអែលថាជា «សង្គ្រាមប្រឆាំងមនុស្សជាតិ»។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាផ្នែកការទូតនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ដោយអះអាងថា ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់ ដែលបានឆ្លើយតបវិញដោយការបាញ់មីស៊ីល និងដ្រូន បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។

ជម្លោះនេះបានពង្រីកពីសមរភូមិយោធា មកដល់ឆាកការទូតនៅទីក្រុងហ្សឺណែវ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សបានក្លាយជាវេទិកា