(តេហេរ៉ង់)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក មកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ថាជាទង្វើដ៏អាក្រក់ហួសហេតុ ហើយបាននិយាយថា​ ប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីការអនុញ្ញាតឱ្យ​មានការឆ្លើយតបស្របច្បាប់ក្នុងការការពារខ្លួន អ៉ីរ៉ង់រក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងប្រជាជនរបស់ខ្លួន»

គួរបញ្ជាក់ថា ទីបំផុត រយៈពេល៨ថ្ងៃក្រោយអ៉ីស្រាអែលចាប់ផ្តើមសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ សហរដ្ឋអាមេរិក បានសម្រេចចិត្តចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា (ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា យោធាអាមេរិកបានវាយប្រហារលើ ទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរចម្បងៗរបស់អ៉ីរ៉ង់។ មន្រ្តីអាមេរិក បានបង្ហើបឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែកធុនធ្ងន់ហៅថា bunker buster ដែល១គ្រាប់ទម្ងន់ជាង១ម៉ឺនគីឡូក្រាម ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនោះ។ ក្រោយមក លោក ត្រាំ បានព្រមានថា ការសងសឹកណាមួយពីអ៉ីរ៉ង់ប្រឆាំងសហរដ្ឋអាមេរិក នឹងត្រូវតបស្នងទៅវិញ ខ្លាំងឆ្ងាយជាងអ្វីដែលអ៉ីរ៉ង់បានភ្លក្សកាលពីថ្ងៃសៅរ៍ទៅទៀត៕