(ប៉េកាំង)៖ «គំនិតផ្តួចផ្តើមសន្តិសុខសកល» ជាមាគ៌ាដ៏ត្រឹមត្រូវដែលប្រទេសចិនមិនគ្រាន់តែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តជាក់ស្តែងទៀតផង ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញដល់ យន្តការអង្គការសហប្រជាជាតិ រយៈពេល៨០ឆ្នាំមកនេះដើម្បីជួយឱ្យសហគមន៍អន្តរជាតិ រួមគ្នាជាមួយចិនគាំពារសច្ចយុត្តិធម៌អន្តរជាតិ និងសម្រេចបាននូវក្តីប្រាថ្នារួមគ្នាឆ្លើយតបនឹង មហន្តរាយដែលពិភពលោកបានទទួលក្នុងអតីតកាល ដែលមនុស្សជាតិបានឆ្លងកាត់ សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាម អាណានិគមនិយមពោរពេញដោយការបង្ក្រាបដោយកម្លាំងអាវុធ ការបង្ខិតបង្ខំខាងនយោបាយ ការកេងប្រវ័ញ្ចខាងសេដ្ឋកិច្ច និងការរើសអើងជាតិសាសន៍ ដែលបានបន្សល់ទុកតែការចងចាំ នៃភាពឈឺចាប់យ៉ាងជ្រាលជ្រៅ បទឧក្រិដ្ឋច្រើនលើសលុបរាប់មិនអស់ឡើយ ជាមួយគ្នា មនុស្សជាតិបានទទួលរង នូវទុក្ខទោសពីសង្គ្រាមលោកទាំងពីរលើក ហើយនិងសង្គ្រាមត្រជាក់ដ៏គួរឲ្យចងចាំដក់ជាប់ជានិច្ច ដូចទៅនឹងខ្លឹមសាររួមចែង ក្នុងឯកសាររបស់ប្រវត្តិវិទូសកលលោក។

ដោយឡែកបើយើងក្រឡេកមកមើលប្រទេសចិនតាំងពីបុរាណកាលវិញ ជាក់ស្តែងនៅដើមសតវត្សរ៍ទី១៥ លោក Zheng He ដែលជាអ្នកនាវាចរណ៍ជនជាតិចិនដ៏ល្បីល្បាញក្នុងរាជវង្សម៉េង បានធ្វើដំណើរផ្លូវសមុទ្រចំនួន៧លើក ទៅសមុទ្រខាងលិច ដែលជារឿងរ៉ាវមួយដែលគេ នៅតែចងចាំនាពេលសព្វថ្ងៃនេះ។ អ្នកត្រួសត្រាយផ្លូវទាំងនេះទទួលបាន តំណែងក្នុងប្រវត្តិសាស្ត្រ មិនមែនក្នុងនាមជាអ្នកចម្បាំងដោយប្រើនាវាចម្បាំង កាំភ្លើង ឬដាវនោះទេ។ ផ្ទុយទៅវិញ ពួកគាត់ត្រូវបានគេចងចាំក្នុងនាមជា បេសកជននៃមិត្តភាពដែលប្រើប្រាស់ក្បួនអូដ្ឋ និងនាវាផ្ទុករតនសម្បត្តិ។ ពីមួយជំនាន់ទៅមួយជំនាន់ អ្នកធ្វើដំណើរលើផ្លូវសូត្របានកសាង បង្កើតជាស្ពានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងបូព៌ាប្រទេស និងបស្ចិមប្រទេស។

«គំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០២២ មានទស្សនៈគំនិតស្នូលចំនួន៤គឺ៖ ១-ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខចម្រុះ, ២-ប្រកាន់ខ្ជាប់គោលការណ៍សន្តិសុខរួម, ៣-ផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង៤-ផ្ដួចផ្ដើមទស្សនៈសន្តិសុខជានិរន្តរភាព ដែលជាដើមចមផ្តល់ទស្សនាទានដល់ មនុស្សជាតិយល់កាន់តែច្បាស់ពីភក្តីភាពរបស់ប្រទេសចិនដែលតែងបានពង្រីកដែនឥទ្ធិពលនៃសន្តិភាព ហើយចិនបានអំពាវនាវ ឱ្យពិភពលោកមាននិន្នាការរួមគ្នាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទោះយ៉ាងណា សន្តិសុខមិនមែនឱបដៃឈរមើលទេ គឺយើងត្រូវពួតដៃគ្នាប្រកបដោយភក្តីភាព និងទំនួលខុសត្រូវរួមជាមួយប្រទេសចិន ដើរឆ្ពោះទៅមុខដោយធានាថាគ្រប់ភាគីរួមរស់ជាមួយគ្នា ដោយសុខដុមរមនាដោយមានកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាត្រីវិស័យបញ្ជាក់ស្រាប់ ជាក់ស្តែងផលនៃ «គំនិតផ្តួចផ្តើមសន្តិសុខសកល» បានស្ថាបនាស្ពានមិត្តភាពឡើងវិញរវាងប្រទេសអារ៉ាប៊ីសាអូឌីត និង ប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០២៣កន្លងមក ដែលជាការបង្ហាញយ៉ាងច្បាស់ថា ការចរចាអាចសម្រេចបាននូវសន្តិសុខរយៈពេលយូរជាងទង្វើបដិបក្ខនឹងគ្នា។

ក្នុងន័យនេះ ដើម្បីបន្សាបស្ថានការណ៍នៅមជ្ឈិមបូព៌ាដែលកាន់តែស្រួចស្រាលខ្លាំងរវាងប្រទេសអ៊ីស្រាអែល និង ប្រទេសអ៊ីរ៉ង់ នោះជម្រើសដ៏ប្រសើរបំផុតដែលសហគមន៍អន្តរជាតិរំពឹងទុកគឺការផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំជូនប្រទេសចិនក្នុងកិច្ចបន្តដើរតួនាទីកាន់តែខ្លាំងបន្ថែមទៀតដោយប្រើប្រាស់យន្តការនៃ«គំនិតផ្តួចផ្តើមសន្តិសុខសកល» ហើយដោយក្នុងនោះប្រាជ្ញាចិនតាមរយៈលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើម៤ចំណុច៖ ១-ការជំរុញបទឈប់បាញ់គ្នាជាអាទិភាព; ២-ការធានាសុវត្ថិភាពរបស់ ជនស៊ីវិលជាការងារសំខាន់បំផុត; ៣-ការធ្វើការចរចានិងកិច្ចសន្ទនាជាច្រកចេញដ៏សំខាន់ និង ៤-កិច្ចខិតខំប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិក្នុងការជំរុញការចរចាដោយសន្តិភាពគឺមិនអាចខ្វះបាន។ ក្នុងន័យនេះ ប្រាជ្ញាចិនតាមរយៈ «គំនិតផ្តួចផ្តើមសន្តិសុខសកល» ជាការបំផុសគំនិតសន្តិសុខសកល ដើម្បីឱ្យពិភពលោកបែរឆ្ពោះទៅរកទិសដៅត្រឹមត្រូវ ដោយរួបរួមគ្នាក្រោមគោលគំនិត «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»

«គំនិតផ្តួចផ្តើមសន្តិសុខសកល» គឺជាក្តីសង្ឃឹមកំពុងត្រូវការខ្លាំងបំផុតសម្រាប់ព្យាបាលជំងឺ ដែលពិភពលោកដ៏ច្របូកច្របល់ ដោយសហគមន៍អន្តរជាតិបានប្រៀបគំនិតនេះជា «ស្ពានមួយ» ដែលម្ខាងតភ្ជាប់តម្រិះប្រាជ្ញាចិនទៅនឹងជ្រុងម្ខាងទៀត ដែលកំពុងផ្សារភ្ជាប់ទស្សនវិស័យនាពេលអនាគតរបស់ «សហគមន៍រួមវាសនាមនុស្សជាតិ» ដើម្បីគាំពារកិច្ចសហប្រតិបត្តិការពហុភាគី និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមរួម។ សហគមន៍អន្តរជាតិយល់ស្របគ្នាថា ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩មក សាធារណរដ្ឋប្រជាមានិតចិនបានប្តេជ្ញាយ៉ាងមោះមុតចំពោះសុខសន្តិភាពក្នុងពិភពលោក ហើយប្រទេសចិនចាត់ទុកមិត្តភាពជាមួយប្រទេសជិតខាងប្រកបដោយភាពសុខដុមរមនាគឺគ្មានដែនកំណត់។

ប្រតិបត្តិតាម «គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិជឿជាក់យ៉ាងមុតមាំថា សន្តិភាព និង ស្ថិរភាព គឺជាវិធីតែមួយគត់ដើម្បីឲ្យមានការអភិវឌ្ឍ និង មានវិបុលភាព។ ប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិនតែងប្រកាន់ខ្ជាប់ យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ ដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះ នៅក្នុងកិច្ចការអន្តរជាតិនានា។

ជារួម ក្រោម «គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិយល់ស្របជាមួយចិន ដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើមូលដ្ឋាន «គោលការណ៍៥ខ» នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយម ដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយ ដើម្បីសម្រេចឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍ ក្រោមទម្រនៃការគោរពច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោល។ ក្នុងន័យនេះ សហគមន៍អន្តរជាតិយល់ស្របថា «គំនិតផ្តួចផ្តើមសន្តិសុខសកល» ជាលំនឹងសន្តិសុខសកលដោយបានផ្តល់នូវទឡ្ហីករណ៍យ៉ាងច្បាស់ថា ទី១-រក្សានូវសន្តិសុខរួមគ្រប់ជ្រុងជ្រោយដែលមានកិច្ចសហការគ្នាប្រកបដោយចីរភាព ទី២-គោរពនូវអធិបតេយ្យភាព និងបូរណភាពគ្នាទៅវិញទៅមក ទី៣-គោរពនូវគោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទី៤-ធ្វើការដោះស្រាយដោយសន្តិវិធីលើការខ្វែងគំនិតនិងទំនាស់រវាងប្រទេសនិងប្រទេស ទី៥-រក្សាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណី និង ទី៦-គាំទ្រគោលការណ៍រួមគ្នាថែរក្សាសន្តិសុខសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន