(វ៉ាស៉ីនតោន)៖ បន្ទាប់ពីយោធាអាមេរិក បានចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ អាជ្ញាធរក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក បាននាំគ្នាបង្កើនការរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយកងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ ប៉ុន្តែបានទទូចឱ្យសាធារណជន បង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព។
គួរបញ្ជាក់ថា ការរឹតបន្តឹងសុវត្ថិភាពខាងលើកើតមាន បន្ទាប់ពីអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន៣របស់អ៉ីរ៉ង់ គឺ Esfahan, Fordow និង Natanz នាថ្ងៃអាទិត្យនេះ ដែលជាការចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរបស់សម្ព័ន្ធមិត្តខ្លួនគឺអ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់៕