(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងបន្ថែមទៀតនៅថ្ងៃអាទិត្យ នេះ ដែលខ្លួនបានចោទប្រកាន់ថាជាការវាយប្រហាររបស់អ៊ីស្រាអែល។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅជិតទីក្រុង Bushehr ភាគខាងត្បូង ដែលជាទីតាំងរបស់រោងចក្រថាមពលនុយក្លេអ៊ែរមួយ និងនៅក្នុងខេត្ត Yazd ភាគកណ្តាល។ ព័ត៌មានលម្អិតអំពីការខូចខាត ឬអ្នករងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ការវាយប្រហារចុងក្រោយនេះ គឺជាការកើនឡើងបន្ថែមទៀត នៃជម្លោះដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុន។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កងកម្លាំងអាមេរិកបានវាយប្រហារ និង «បំផ្លាញទាំងស្រុង នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ រួមមាន Fordow, Isfahan និង Natanz ដែលជាការចូលរួមដោយផ្ទាល់ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លាដោយរុស្ស៊ី។
គួរបញ្ជាក់ថា ការបន្តវាយប្រហារពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីការចូលរួមរបស់សហរដ្ឋអាមេរិក កំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន៕