(ហុងកុង)៖ ចិន បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ បានធ្វើឱ្យខូចដល់ភាពគួរឱ្យទុកចិត្តបានរបស់ទីក្រុងវ៉ាស៊ីនតោន ហើយទីក្រុងប៉េកាំង ព្រួយបារម្ភថាស្ថានការណ៍អាចនឹងធ្លាយចេញពីការគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានអះអាងថាសហរដ្ឋអាមេរិកបានកម្ទេចរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ទាំងស្រុង ដោយចូលរួមជាមួយអ៉ីស្រាអែលនៅក្នុងការធ្វើសកម្មភាពយោធាដ៏ធំមួយមិនធ្លាប់មានរបស់លោកខាងលិចប្រឆាំងអ៉ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ១៩៧៩មក។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន៣ ខណៈរុស្ស៉ី ចិន និងប៉ាគីស្ថានបានស្នើឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ អនុម័តដំណោះស្រាយមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌក្នុងតំបន់មជ្ឈិមបូព៌ា។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថាភាគីទាំងអស់គួរតែរក្សាការអត់ធ្មត់ពីការប្រើប្រាស់កម្លាំងបាយ ដើម្បីបញ្ចៀសកុំឱ្យរាលដាលកាន់តែធំ និងចៀសវាងការចាក់សាំងបន្ថែមលើភ្លើងដែលកំពុងឆេះស្រាប់។ លោក Fu Cong បន្តទៀតថាភាគីទាំងឡាយ ជាពិសេសអ៉ីស្រាអែលគួរតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ ដើម្បីបង្ការកុំឱ្យស្ថានការណ៍ផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ «អ៉ីរ៉ង់បានទទួលរងការវាយប្រហារ ប៉ុន្តែភាពគួរឱ្យជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិក ក៏រងការខូចខាតផងដែរ ទាំងក្នុងនាមជាប្រទេសមួយ និងជាភាគីនៅក្នុងកិច្ចចរចាអន្តរជាតិណាមួយ»។ នេះជាការលើកឡើងរបស់លោក Fu Cong។
គួរបញ្ជាក់ថា បទអត្ថាធិប្បាយមួយចេញផ្សាយដោយកាសែតរដ្ឋចិន Global Times កាលពីថ្ងៃអាទិត្យ បាននិយាយថាសកម្មភាពរបស់សហរដ្ឋអាមេរិកគឺបង្កគ្រោះថ្នាក់ធំ និងជាទង្វើបង្កហេតុ ជាមួយការសង្កត់ធ្ងន់ថាការធ្វើអន្តរាគមន៍យោធាពីខាងក្រៅ នឹងមិនអាចនាំមកនូវសន្តិភាពនោះទេ ផ្ទុយទៅវិញមានតែបន្សល់ទុកការស្អប់ខ្ពើម និងការឈឺចាប់គ្រាំគ្រាតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំប្រទេសអ៉ីរ៉ង់ ក៏បានបញ្ជាក់ដែរថាពលរដ្ឋចិនភាគច្រើនក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយអ្នកដែលមិនទាន់ត្រូវបានជម្លៀសក៏មិនស្ថិតក្នុងទីតាំងមានហានិភ័យខ្ពស់នោះដែរ៕