(កៀវ)៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា អ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហារធំថ្មីមួយទៀតរបស់រុស្ស៉ីមកលើតំបន់រដ្ឋធានីកៀវ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៥នាក់ មួយថ្ងៃបន្ទាប់ពីមេបញ្ជការយោធាកំពូលរបស់អ៊ុយក្រែន បានប្តេជ្ញាបង្កើនការវាយប្រហារទៅលើរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាជ្ញាធរអ៊ុយក្រែន បាននិយាយថា មនុស្ស៤នាក់បានស្លាប់ នៅសង្កាត់ Shevchenkivsky នៃទីក្រុងកៀវ ជាទីដែលផ្នែកនៃអគារស្នាក់នៅខ្ពស់មួយខ្នង បានរងការបំផ្លិចបំផ្លាញ។ រីឯ មនុស្សម្នាក់ទៀតបានស្លាប់ នៅក្រុង Bila Tserkva ក្បែរភាគខាងត្បូងទីក្រុងកៀវ។ ការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៉ី កើតមានឡើង បន្ទាប់ពីអគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោក Oleksandr Syrsky បានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារតាមអាកាសទៅលើរុស្ស៉ី។

គួរបញ្ជាក់ថា អ៊ុយក្រែនបានធ្វើសកម្មភាពវាយប្រហារសងសឹកតបតលើរុស្ស៉ី ចាប់តាំងតែពីសង្រ្គាមផ្ទុះឡើង ដោយកំណត់គោលដៅ​លើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងយោធា ពេលខ្លះស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីខ្សែបន្ទាត់សមរភូមិជួរមុខ។ ទីក្រុងកៀវអះអាងថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបស្មើភាពគ្នា ជាមួយការវាយប្រហារឥតឈប់ឈររបស់រុស្ស៉ី មកលើ​ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាជនស៉ីវិលអ៊ុយក្រែន៕