(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ប៉ាគីស្ថានបានថ្កោលទោស ការទម្លាក់គ្រាប់បែករបស់យោធាអាមេរិក មកលើប្រទេសជិតខាងរបស់ខ្លួនគឺអ៉ីរ៉ង់ ដែលត្រូវបានបញ្ជាដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ពោលគឺត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងអ៉ីស្លាម៉ាបាដបាននិយាយថា ខ្លួនសម្រេចដាក់ឈ្មោះលោក ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យ ប៉ាគីស្ថានបាននិយាយថា ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ រំលោភបំពានច្បាប់អន្តជាតិ ខណៈការទូតគឺជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយវិបត្តិអ៉ីរ៉ង់បាន។ ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានទូរសព្ទទៅប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ហើយ​​បានប្រាប់ថា ប៉ាគីស្ថានថ្កោលទោសជាខ្លាំង ចំពោះសកម្មភាពវាយប្រហាររបស់អាមេរិក។

ដោយឡែក នៅទីក្រុងធំជាងគេរបស់ប៉ាគីស្ថាន Karachi មនុស្សខ្ទង់ពាន់នាក់បាននាំគ្នាដើរដង្ហែក្បួន ដើម្បីសម្តែងការតវ៉ាចំពោះ​ការវាយប្រហាររបស់អាមេរិកក៏ដូចជាអ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់។ ទង់ជាតិធំៗពីរ មួយជារបស់អាមេរិក មានរូបថតលោក ត្រាំ និងមួយទៀតជារបស់អ៉ីស្រាអែល មានរូបនាយករដ្ឋមន្រ្តី Benjamin Netanyahu ត្រូវបានដាក់ក្រាលនៅលើផ្លូវ សម្រាប់ឱ្យ​ក្រុមអ្នកតវ៉ាដើរជាន់ពីលើ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ាគីស្ថានទើបតែបាននិយាយថា ខ្លួនសម្រេចចិត្តដាក់ឈ្មោះលោក ត្រាំ ជា «អ្នកបង្កើតសន្តិភាពពិតប្រាកដម្នាក់» សម្រាប់តួនាទីរបស់លោក ក្នុងការជួយឱ្យជម្លោះរយៈពេល៤ថ្ងៃជាមួយឥណ្ឌា ឈានដល់ទីបញ្ចប់ទៅវិញ កាលពីខែមុន។ ប៉ាគីស្ថានបាននិយាយថា លោក ត្រាំ បានបង្ហាញឱ្យឃើញ ភាពជារដ្ឋបុរសយ៉ាងវិសេស ព្រមទាំងចក្ខុវិស័យយុទ្ធសាស្រ្តដ៏អស្ចារ្យ៕