(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យនេះ បានលើកឡើងពីលទ្ធភាពនៃ «ការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់» ដែលជាជំហរមួយផ្ទុយស្រឡះពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោកផ្ទាល់ ដែលបានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកទៅលើអ៊ីរ៉ង់ មិនមែនមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលទីក្រុងតេអេរ៉ង់នោះទេ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។
ខណៈដែលរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងអនុប្រធានាធិបតី លោក JD Vance បានចេញមុខបញ្ជាក់ថា បេសកកម្ម "Operation Midnight Hammer" មិនមែនជាការផ្លាស់ប្ដូររបបទេ លោក ត្រាំ ផ្ទាល់បានសរសេរនៅលើបណ្ដាញសង្គមថា «បើរបបអ៊ីរ៉ង់បច្ចុប្បន្នមិនអាចធ្វើឲ្យអ៊ីរ៉ង់អស្ចារ្យម្ដងទៀតបានទេ ហេតុអ្វីបានជាមិនគួរមានការផ្លាស់ប្ដូររបប???»។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់យន្តហោះជាង ១២៥គ្រឿង និងគ្រាប់បែកទម្លុះលេនដ្ឋាន បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់។ ស្របពេលជាមួយគ្នានោះ មន្ត្រីរដ្ឋបាលលោក ត្រាំ បានព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ៊ីរ៉ង់ មិនឲ្យធ្វើការសងសឹកណាមួយប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតប។
គួរបញ្ជាក់ថា សារដែលផ្ទុយគ្នាចេញពីសេតវិមាននេះ បានបង្កើតភាពមិនច្បាស់លាស់អំពីគោលដៅពិតប្រាកដរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ និងបង្កើនហានិភ័យនៃការគណនាខុសពីគ្រប់ភាគី ដែលអាចនាំឲ្យជម្លោះកាន់តែកើនឡើងខ្លាំងឡើង៕