(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីរ៉ង់បានជូនដំណឹងព្រមានសហរដ្ឋអាមេរិកជាមុន មុននឹងបើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសកាតា ជាមួយការអរគុណអ៉ីរ៉ង់សម្រាប់ការអត់ធ្មត់ ហើយថានេះជាពេលវេលាសម្រាប់សន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា បានបាញ់មីស៊ីល១៤គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា។ ប៉ុន្តែមិនបានបង្កឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ហើយក្នុងនោះមានមីស៊ីល ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ និងមួយគ្រាប់ត្រូវបានបណ្ដោយឱ្យធ្លាក់ ព្រោះធ្លាក់ចំកន្លែងមិនមានមនុស្សរស់នៅ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បាននិយាយថា «ការវាយប្រហារជាមួយការដាក់កំហិតបែបនេះ បានបង្កើនក្ដីសង្ឃឹមថាមជ្ឈិមបូព៌ាអាចនឹងបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ»។ លោក ត្រាំ បានចាត់ទុកថាការវាយប្រហាររបស់អ៉ីរ៉ង់ជាការសងសឹកខ្សោយ បំផុត។ ប៉ុន្តែ លោកបានអរគុណអ៉ីរ៉ង់សម្រាប់ការជូនដំណឹងជាមុន។ «ខ្ញុំចង់អរគុណអ៉ីរ៉ង់សម្រាប់ការជូនដំណឹងពួកយើងជាមុន ដែលនេះបានជួយបញ្ចៀសមិនឱ្យមានមនុស្សស្លាប់ ឬរងរបួស»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

លោក ត្រាំបន្ថែមថា «ប្រហែលជាឥលូវ អ៉ីរ៉ង់អាចឆ្ពោះទៅរកសន្តិសុខ និងភាពសុខដុមក្នុងតំបន់ ហើយខ្ញុំនឹងជំរុញឱ្យអ៉ីស្រាអែលធ្វើដូចគ្នានេះដែរ»។ លោក ត្រាំ មិនបានបញ្ជាក់ថាតើអ៉ីរ៉ង់បានជូនដំណឹងព្រមានដោយរបៀបណានោះទេ។ តែតាមរយៈការព្រមានជាមុនបែបនេះ បានផ្ដល់ឱកាសឱ្យសហរដ្ឋអាមេរិក កាត់បន្ថយទំហខូចខាត និងបញ្ចៀសការសងសឹកធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា ជាការសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើទីតាំង នុយក្លេអ៊ែររបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ លោក ត្រាំ បានប្រកាសថាអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានដល់បទឈប់បាញ់។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បាននិយាយថាក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែលនោះទេ តែថាបើអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារ នោះអ៉ីរ៉ង់នឹងបញ្ឈប់ការវាយប្រហារដូចគ្នា៕