(បាងកក)៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយរបស់ថៃ ACT បាននិយាយថាការពុករលួយជាលក្ខណៈប្រព័ន្ធគឺជាហេតុផលចម្បងមួយនៃការធ្លាក់យន្ដហោះប៉ូលិស២គ្រឿងដែលបានសម្លាប់មន្ត្រីប៉ូលិស ៩នាក់។ នេះបើតាមកាសែតថៃ Bangkok Post។

នៅក្នុងការបង្ហោះមួយលើ​ Facebook កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ប្រធាន ACT លោក Mana Nimitmongkol បានអះអាងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះប៉ូលិសមិនមែនបណ្ដាលមកពីកំហុសបច្ចេកទេស របស់មនុស្សនោះទេ តែវាជាកំហុសស្ដង់ដារនៃការថែទាំដែលបង្កឡើងដោយអំពើពុករលួយ។ លោក Mana លើកឡើងបែបនេះដោយចង់សំដៅលើគ្រោះថ្នាក់ធ្លាក់យន្ដហោះចំនួន ២គ្រឿងរបស់មន្ត្រីប៉ូលិស កាលពីដើមឆ្នាំកន្លងទៅនេះ។ គ្រោះថ្នាក់ធ្លាក់លើកទី១ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមេសា នៅពេលយន្ដហោះខ្នាតតូចធុន DHC-6-400 របស់ប៉ូលិសថៃ បានធ្លាក់ចូលសមុទ្រក្នុងខេត្ត Phetchaburi ដោយសម្លាប់មន្ត្រីប៉ូលិស ៦នាក់។

មួយខែក្រោយមក ឧទ្ធម្ភាគចក្រមួយគ្រឿងធុន Bell-212 ដែលជាកម្មសិទ្ធិរបស់អង្គភាពប៉ូលិស Kanchanaburi Police Aviation Unit បានធ្លាក់ក្នុងស្រុក Muang នៃខេត្ត Prachuap Khiri Khan ដោយសម្លាប់មន្ត្រីប៉ូលិស ៣នាក់៕