(វ៉ាស៊ីនតោន)៖ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីបានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ភាគីទាំងពីរពីការរំលោភកិច្ចព្រមព្រៀងនេះ ដោយបានចេញសារព្រមានជាសាធារណៈដោយផ្ទាល់ និងខ្លាំងៗទៅកាន់អ៊ីស្រាអែលថា «កុំទម្លាក់គ្រាប់បែកទាំងនោះ»។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

មុនការអត្ថាធិប្បាយរបស់លោក ត្រាំ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល គឺជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ដែលរំលោភបទឈប់បាញ់។ ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានបាញ់មីស៊ីលណាមួយទេ ហើយបានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបន្តកើតមាន សូម្បីតែក្រោយពេលដែលបទឈប់បាញ់ត្រូវចាប់ផ្តើមក៏ដោយ។

នៅក្នុងសារបង្ហោះតាមបណ្ដាញ Truth Social លោក ត្រាំ បានសរសេរដោយផ្ទាល់ទៅកាន់អ៊ីស្រាអែលថា «អ៊ីស្រាអែល កុំទម្លាក់គ្រាប់បែកទាំងនោះ។ បើអ្នកធ្វើវា នោះគឺជាការរំលោភបំពានដ៏ធំមួយ។ នាំអ្នកបើកយន្តហោះរបស់អ្នកត្រឡប់មកផ្ទះវិញ ឥឡូវនេះភ្លាម!»។ សារនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពីលោកចាកចេញពីសេតវិមានដើម្បីធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាអេ។

លើសពីនោះ លោក ត្រាំ ក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលផងដែរ។ មុនពេលឡើងយន្តហោះ លោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំត្រូវតែធ្វើឲ្យអ៊ីស្រាអែលស្ងប់ស្ងាត់ឥឡូវនេះ... ភ្លាមៗនៅពេលដែលយើងបានធ្វើកិច្ចព្រមព្រៀង ពួកគេបានចេញទៅ ហើយទម្លាក់គ្រាប់បែក»។

គួរបញ្ជាក់ថា ការប្រកាសបទឈប់បាញ់របស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីសង្គ្រាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ ដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់អ៊ីស្រាអែល និងបានកើនឡើងកាន់តែខ្លាំងនៅពេលដែលសហរដ្ឋអាមេរិកបានចូលរួមវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីពីរថ្ងៃមុន។

ការស្តីបន្ទោសជាសាធារណៈដ៏កម្ររបស់ប្រធានាធិបតីអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល បានបង្ហាញពីភាពផុយស្រួយបំផុតនៃបទឈប់បាញ់ដែលទើបនឹងសម្រេច និងភាពតានតឹងដែលកំពុងកើតមាន សូម្បីតែរវាងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ៕