(តេអេរ៉ង់)៖ អ៊ីស្រាអែល បានទទួលស្គាល់នៅថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើទីតាំងរ៉ាដាមួយកន្លែងនៅជិតទីក្រុងតេអេរ៉ង់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ប៉ុន្តែបានបញ្ជាក់ថា ខ្លួនបានទប់ស្កាត់មិនធ្វើការវាយប្រហារបន្ថែមទៀត បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានពន្យល់ថា ការវាយប្រហារលើរ៉ាដានោះ គឺជាការ «សងសឹក» បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ក្រោយម៉ោង ៧ព្រឹក ដែលជាពេលដែលបទឈប់បាញ់ត្រូវចាប់ផ្តើម។ យោងតាមអ៊ីស្រាអែល មីស៊ីលទាំងនោះ គឺជាការរំលោភបទឈប់បាញ់មុនគេពីសំណាក់អ៊ីរ៉ង់។
សេចក្ដីថ្លែងការណ៍ពីការិយាល័យលោក Netanyahu បានបន្ថែមថា បន្ទាប់ពីការសន្ទនារវាងលោក និងលោក ត្រាំ អ៊ីស្រាអែលបានសម្រេចចិត្ត «ទប់ចិត្តពីការធ្វើការវាយប្រហារផ្សេងទៀត» ទៅលើអ៊ីរ៉ង់។ ការអន្តរាគមន៍របស់លោក ត្រាំ នេះ កើតឡើងបន្ទាប់ពីលោកបានបង្ហាញការមិនពេញចិត្តជាសាធារណៈចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលក្រោយការប្រកាសបទឈប់បាញ់។
ទោះជាយ៉ាងណា ភាគីអ៊ីរ៉ង់បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាខ្លួនបានបាញ់មីស៊ីលណាមួយក្រោយបទឈប់បាញ់ចូលជាធរមាន ហើយថែមទាំងបានចោទប្រកាន់អ៊ីស្រាអែលវិញថា បានបន្តការវាយប្រហាររបស់ខ្លួនទៅវិញទេ មួយម៉ោងកន្លះក្រោយបទឈប់បាញ់ចូលធរមាន៕