(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា បានចេញសេចក្ដីប្រកាសអាសន្នបន្ទាន់មួយ ព្រមានពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅកាន់ខេត្តភាគខាងត្បូងរបស់ប្រទេសថៃ និងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានអស្ថិរភាព និងភាពតានតឹងដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រ Travel and Tour world នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើរនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលកាណាដាបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនមកអាស៊ីអាគ្នេយ៍វិញ ដោយបានចេញការព្រមានថ្មីសម្រាប់ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងតំបន់។
ការព្រមាននេះបានបញ្ជាក់ថា ទោះបីជាថៃមានកន្លែងទាក់ទាញជាច្រើនក៏ដោយ ក៏ហានិភ័យផ្នែកសុវត្ថិភាពនៅតែកើតមាននៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។
សេចក្ដីប្រកាសអាសន្ននោះបានសង្កត់ធ្ងន់ជាពិសេសលើខេត្តភាគខាងត្បូង ដែលជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែការកើនឡើងនៃអំពើហិង្សា និងការប្រកាសដាក់តំបន់ទាំងនោះក្រោមច្បាប់អាជ្ញាសឹក។ អាជ្ញាធរកាណាដាបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនោះ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលកាណាដាក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ឬគ្រោងនឹងទៅទស្សនា ត្រូវចុះឈ្មោះជាមួយស្ថានទូត និងតាមដានព័ត៌មានក្នុងស្រុកយ៉ាងប្រុងប្រញ័ត្ត ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពសន្តិសុខ។
គួរបញ្ជាក់ថា ការព្រមាននេះ កើតឡើងចំពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង បន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេង ដែលនាំឲ្យគណបក្សមួយដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាល និងមានការអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រី៕