(តូក្យូ)៖ ជប៉ុន នៅថ្ងៃពុធ ទី២៥ ខែមិថុនា បានហៅការធ្វើតេស្ដមីស៊ីលប្រឆាំងនាវាចម្បាំងជាលើកដំបូង នៅក្នុងទឹកដីរបស់ខ្លួនថាជាការបណ្ដុះបណ្ដាលដ៏ចំាបាច់ ប្រឈមនឹងបរិយាកាសសន្តិសុខ ដ៏តានតឹងសព្វថ្ងៃ ចំពេលទីក្រុងតូក្យូកំពុងពង្រឹងសមត្ថភាពយោធាទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កងកម្លាំងជើងគោកនៃកងកម្លាំងស្វ័យការពារជប៉ុន ហៅកាត់ថា JGSDF បានបាញ់មីស៊ីលប្រភេទ Type-88 ចេញពីទីលានហ្វឹកហាត់មួយនៅលើកោះ Hokkaido ស្ថិតនៅភាគខាងជើងប្រទេស ឆ្ពោះទៅកាន់ដែនទឹកនៃតំបន់ឆ្នេរប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារ។ យោធាជប៉ុន ជាធម្មតាតែងតែធ្វើតេស្តបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងរបស់ខ្លួន នៅឯមូលដ្ឋានទ័ពក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ ការធ្វើសមយុទ្ធរបៀបនេះត្រូវចំណាយច្រើន ហើយការចូលរួមរបស់យោធាជប៉ុនក៏មានចំនួនកំណត់ផងដែរ។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅថ្ងៃពុធនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បានឱ្យដឹងថាការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងស្រុកខាងលើបានផ្ដល់ឱកាសនៃ ការបណ្ដុះបណ្ដាលដល់កងទ័ពជប៉ុនជាច្រើន។ លោកបន្ថែមថាសមយុទ្ធរបៀបនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ជប៉ុន ក្នុងការថែរក្សា និងអភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួន ប្រឈមមុខនឹង បរិយាកាសសន្តិសុខដ៏តានតឹង។

លោកបានសង្កត់ធ្ងន់ថាសមយុទ្ធរបស់ជប៉ុន មិនមានគោលដៅលើប្រទេសណាមួយទេ ប៉ុន្តែជប៉ុនកន្លងមកបានចាត់ទុកចិនជាបញ្ហាប្រឈមខាងសន្តិសុខមួយរបស់ខ្លួន ខណៈទីក្រុងប៉េកាំងកំពុង ពង្រឹងសមត្ថភាព និងបង្កើនសកម្មភាពយោធាក្នុងតំបន់៕