(ហាណូយ)៖ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសវៀតណាម បានរាយការណ៍ថា វៀតណាមបានលុបចោល ទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន៨ រួមមានទាំងការធ្វើចារកម្ម ការប្រព្រឹត្តអំពើពុករលួយ និងការធ្វើសកម្មភាពប៉ុនប៉ុនផ្តួលរលំរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បន្ទាប់ពីរដ្ឋសភាវៀតណាម ផ្តល់សច្ចាប័នលើវិសោធនកម្មក្រមព្រហ្មទណ្ឌ នាថ្ងៃពុធនេះ ចំនួនបទល្មើសដែលប្រឈមទោសប្រហារជីវិត នឹងត្រូវកាត់បន្ថយជិតពាក់កណ្តាល គឺពី១៨មកនៅត្រឹម១០ ចាប់ពីខែកក្កដាតទៅ។ បទល្មើសដែលលែងត្រូវប្រឈមទោសប្រហារជីវិតតទៅទៀត រួមមានដូចជា ប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាច, បំផ្លាញទ្រព្យសម្បត្តិរដ្ឋ, ផលិតនិងជួញដូរឱសថក្លែងក្លាយ, ជួញដូរគ្រឿងញៀន, បំផ្លាញសន្តិភាពនិងបង្កសង្រ្គាម, ធ្វើចារកម្ម, គៃបន្លំទ្រព្យសម្បត្តិ និងទទួលសំណូក។
ជំនួសមកវិញ ទោសអតិបរមាសម្រាប់បទល្មើសទាំងប៉ុន្មានខាងលើ នាពេលនេះគឺការជាប់ពន្ធនាគារអស់មួយជីវិត។ សម្រាប់ជនទាំងឡាយ ដែលត្រូវបានផ្តន្ទាទោសប្រហារជីវិត សម្រាប់បទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តការប្រហារជីវិតនៅឡើយនោះ នឹងត្រូវប្តូរការផ្តន្ទាទោសទៅជា ជាប់ពន្ធនាគារមួយជីវិតវិញ។ ដោយឡែក បទល្មើស១០ទៀត ដែលនឹងបន្តប្រឈមទោសប្រហារជីវិតដដែល នៅវៀតណាម រួមមានដូចជាឃាតកម្ម ក្បត់ជាតិ អំពើភេរវកម្ម និងការរំលោភបំពានផ្លូវភេទលើកុមារ ជាដើម។
គួរបញ្ជាក់ថា វៀតណាម បានប្រហារជីវិតអ្នកទោសដោយចាក់ថ្នាំពុល ចាប់តាំងពីឆ្នាំ២០១៣មក នៅពេលដែលខ្លួនឈប់ប្រើប្រាស់វិធីសាស្រ្តប្រហារជីវិត ដោយការបាញ់សម្លាប់។ តួលេខនៃការប្រហារជីវិតនៅវៀតណាម មិនត្រូវបានបញ្ចេញជាសាធារណទេ ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិប៉ាន់ប្រមាណថា មានមនុស្សច្រើនជាង១២០០នាក់ កំពុងរង់ចាំការប្រហារជីវិត គិតត្រឹមចុងឆ្នាំ២០២៣៕