(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ព្យាយាមសាងសង់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងអ៉ីស្រាអែល បានឯកភាពលើបទឈប់បាញ់កាលពីថ្ងៃអង្គារ ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសនេះដោយបញ្ជាឱ្យ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៉ីរ៉ង់៕