(ឡាអេ)៖ មេដឹកនាំអង្គការណាតូ កាលពីថ្ងៃពុធ បានគាំទ្រការបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន ដូចដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលមាន ៥ចំណុច បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលខ្លីនៅទីក្រុងឡាអេ ប្រទេសហូឡង់ សម្ព័ន្ធមិត្តណាតូទាំង ៣២ បានគាំទ្រគោលដៅចំណាយលើវិស័យការពារជាតិថ្មីមួយគឺ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមឆ្នាំ ២០៣៥។ គោលដៅនេះ គឺជាការឆ្លើយតបមិនត្រឹមតែចំពោះការទាមទាររបស់លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះការភ័យខ្លាចរបស់អឺរ៉ុបដែលថារុស្ស៊ីកំពុងបង្កការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេផងដែរ។
សេចក្តីប្រកាសនោះបានបន្ថែមថា «យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះការការពាររួមគ្នា ដូចមានចែងក្នុងមាត្រា ៥ នៃសន្ធិសញ្ញាវ៉ាស៊ីនតោន ដែលថាការវាយប្រហារលើសមាជិកមួយ គឺជាការវាយប្រហារលើសមាជិកទាំងអស់»។
ការបញ្ជាក់ជាថ្មីនេះ មានសារៈសំខាន់ជាពិសេស បន្ទាប់ពីលោក ត្រាំ បានប្រើភាសាមិនសូវច្បាស់លាស់កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យមានការព្រួយបារម្ភពីសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណា នៅពេលត្រូវបានសួរឲ្យបញ្ជាក់ពីជំហររបស់លោកលើមាត្រា ៥ នៅថ្ងៃពុធនេះ លោក ត្រាំ បានឆ្លើយថា «ខ្ញុំគាំទ្រវា។ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។ ប្រសិនបើខ្ញុំមិនគាំទ្រវាទេ ខ្ញុំក៏មិនមកទីនេះដែរ»។
គួរបញ្ជាក់ថា ខណៈដែលលោក ត្រាំ ទទួលបានអ្វីដែលលោកចង់បានពីកិច្ចប្រជុំកំពូលនេះ សម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកក៏មានការធូរស្បើយចិត្តផងដែរ ដែលលោកបានប្តេជ្ញាចិត្តជាថ្មីចំពោះគោលការណ៍គ្រឹះនៃការការពាររួម ដែលជាមូលដ្ឋាននៃសម្ព័ន្ធភាពយោធាណាតូ៕