(បាងកក)៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ ហៅកាត់ថា NACC បានទទួលស្គាល់ពីការចាប់ផ្ដើមការស៊ើបអង្កេតបឋមលើខ្សែអាត់សំឡេងកិច្ចសន្ទនា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា។

អគ្គលេខាធិការ NACC លោក Saroj Phuengrampan បានទទួលស្គាល់ថាពិតជាមានពាក្យបណ្ដឹងមួយ​ប្រឆាំងនឹងលោកស្រី Paetongtarn ជុំវិញការបែកធ្លាយកិច្ចសន្ទនា ជាមួយសម្ដេចតេជោ ត្រូវបានដាក់ជូនគណៈកម្មការប្រាកដមែន។ លោកសង្កត់ធ្ងន់ទៀតថា វាមិនមែនជារឿងចម្លែកនោះទេដែល NACC ទទួលបានពាក្យបណ្ដឹងបែបនេះ ហើយថារាល់ភស្តុតាងទាំងឡាយនឹងត្រូវដាក់ជូនជាផ្លូវការទៅកាន់ក្រុមប្រឹក្សាភិបាល NACC។

តាមលោក Saroj នេះគ្រាន់តែជាការស៊ើបអង្កេតបឋមប៉ុណ្ណោះ ពោលមិនមែនជាការស៊ើបអង្កេតពេញលេញមួយនោះទេ។ លោកបន្ថែមថាសំណុំរឿងបែកធ្លាយកិច្ចសន្ទនាកំពុង ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យបឋម ដោយក្រុមមន្ត្រីជំនាញនឹងកំណត់ថាតើសំណុំរឿងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ NACC ដែរឬក៏យ៉ាងណា៕