(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង ដោយផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្មនៃប្រទេសរបស់ខ្លួន បានឱ្យដឹងថា កូរ៉េខាងជើងប្រហែលអាចនឹងដាក់ពង្រាយកងទ័ពបន្ថែម ទៅកាន់ប្រទេសរុស្ស៉ីនៅខ្ទង់ខែកក្កដា ឬខែសីហា ដើម្បីប្រយុទ្ធក្នុងសង្រ្គាម​ប្រឆាំងអ៊ុយក្រែន ហើយទីក្រុងព្យុងយ៉ាង កំពុងតែបន្តផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង NIS ជឿជាក់ថា រុស្ស៉ីអាចកំពុងត្រៀមខ្លួន ដើម្បីបើកការវាយលុកមួយក្នុងទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន នៅក្នុងខែកក្កដា ឬខែសីហា ហើយអាចមានការបញ្ជូន​កងទ័ពបន្ថែមពីកូរ៉េខាងជើង។ ការវាយតម្លៃនេះ គឺផ្អែកលើសកម្មភាពប្រមូលផ្តុំទាហានថ្មីដោយកូរ៉េខាងជើង និងទស្សនកិច្ចថ្មីៗនេះទៅកាន់ទីក្រុងព្យុងយ៉ាង ដោយមន្រ្តីសន្តិសុខជាន់ខ្ពស់របស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង ជាថ្នូរនឹងការផ្តល់គ្រាប់កាំភ្លើងធំនិងមីស៉ីលឱ្យទៅរុស្ស៉ី កូរ៉េខាងជើងទំនងជាទទួលបានមកវិញ នូវជំនួយបច្ចេកទេសពាក់ព័ន្ធការបាញ់បង្ហោះផ្កាយរណប និងការអភិវឌ្ឍប្រព័ន្ធនាំផ្លូវរបស់មីស៉ីល។ ក្រោយមិននិយាយអ្វីអស់រយៈពេលជាច្រើនខែ ទីបំផុតទាំងកូរ៉េខាងជើងនិងរុស្ស៉ី បានទទួលស្គាល់ដូចគ្នា ចំពោះការដាក់ពង្រាយទាហានកូរ៉េខាងជើង និងតួនាទីរបស់ពួកគេ នៅក្នុងប្រតិបត្តិការរបស់ទីក្រុងមូស្គូ ដើម្បីដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែនមកវិញ។ ប្រទេសទាំងពីរ បាននិយាយថា កិច្ចសហប្រតិបត្តិការយោធានេះ គឺឈរលើសន្ធិសញ្ញា ដែលត្រូវបាន​ចុះហត្ថលេខាដោយមេដឹកនាំរបស់ពួកគេ កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលរួមបញ្ចូលនូវកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមក៕