(ប៉េកាំង)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបញ្ចប់ទៅដោយភាពមិនចុះសម្រុងគ្នា បន្ទាប់ពីឥណ្ឌាបានបដិសេធមិនព្រមចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដោយសារតែការខ្វែងគំនិតគ្នាលើការដាក់បញ្ចូលបញ្ហា «ភេរវកម្ម» ដែលពាក់ព័ន្ធនឹងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងថា ប្រទេសមួយ (ដែលគេយល់ថាជាប៉ាគីស្ថាន) មិនព្រមទទួលយកការដាក់បញ្ចូលការព្រួយបារម្ភរបស់ឥណ្ឌាអំពីភេរវកម្មនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍លម្អិតថា មូលហេតុគឺដោយសារតែសេចក្ដីព្រាងឯកសារនោះ មិនបានរាប់បញ្ចូលការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ ខែមេសា លើអ្នកទេសចរហិណ្ឌូនៅកាស្មៀរ ដែលឥណ្ឌាចោទថាស្នាដៃប៉ាគីស្ថាន។

គួរបញ្ជាក់ថា ការបរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមនេះ ដែលកើតឡើងក្នុងជំនួបលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់ឥណ្ឌា-ប៉ាគីស្ថាន ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីខែឧសភា បានបង្ហាញយ៉ាងច្បាស់ពី ភាពប្រេះឆាយ៉ាងជ្រៅរវាងសមាជិក និងបានគូសបញ្ជាក់ថា ជម្លោះទ្វេភាគីនៅតែជាឧបសគ្គដ៏ធំមួយនៅក្នុងវេទិកាពហុភាគី៕