(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ក្នុងពេលដែលថៃកំពុងរួមរឹប ដោយវិបត្តិនយោបាយ ហើយកូនស្រីរបស់លោកកំពុងប្រឈមនឹងការទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈក្រុមសកម្មជនគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ថៃបាន និងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra រីឯលោក Thaksin ដែលជាឪពុកអាចនឹងត្រូវជាប់ពន្ធនាគារ។ សវនាការជំនុំជម្រះលើលោក Thaksin គ្រោងនឹងផ្ដើមធ្វើឡើងចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញ ការចោទប្រកាន់ថារូបលោកបានប្រមាថព្រះមហាក្សត្រថៃ ដែលជាទោសធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសថៃ ដោយអ្នកល្មើសអាចប្រឈមជាប់ពន្ធនាគារអតិបរាមា ១៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំង លោក Thaksin ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥។

សវនាការរបស់លោក Thaksin អាចនឹងមានរយៈពេល៣សប្ដាហ៍ ហើយការចេញសាលក្រមសម្រេចអាចនឹងត្រូវចំណាយពេលយ៉ាងហោច១ខែបន្ទាប់ពីការបិទបញ្ចប់សវនាការ។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុមរបស់ថៃ ក៏បានដាក់ញត្តិមួយទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារឱ្យទម្លាក់លោកស្រី Paetongtarn ចេញពីតំណែងផងដែរបន្ទាប់ពី ការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕