(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា បានទទូចថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់បានទទួលជោគជ័យ ដូចជាការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយគ្មានព័ត៌មានចារកម្មបញ្ជាក់ថាអ៉ីរ៉ង់បានរើសារធាតុអ៊ុយរ៉ាញ៉ូមទៅលាក់ទុក មុនការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទំហំខូចខាតនៃទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កំពុងក្លាយជាប្រធានបទជជែកដេញដោលដ៏ក្ដៅគគុក ស្របពេលលោក ត្រាំ នៅតែទទូចថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង បើទោះជា ការវាយតម្លៃបឋមពីចារកម្មអាមេរិកឱ្យដឹងថាការវាយប្រហារទម្លាក់គ្រាប់បែក GBU-57 ចេញពីយន្ដហោះទម្លាកគ្រាប់បែក B-2 លើទីតាំងនុយក្លេអ៊ែរបានត្រឹមតែបង្អាក់ការរីកចម្រើន នៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានប៉ុន្មានខែប៉ុណ្ណោះ ពោលមិនមែនត្រូវបានកម្ទេចទាំងស្រុងដូចលោក ត្រាំ អះអាងក៏ដោយ។
ទោះជាបែបនេះក្ដី ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណដោយចង់សំដៅលើសង្រ្គាម១២ថ្ងៃរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ លោក Hegseth បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី ត្រាំបានបង្កើតលក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាម ការកាប់សម្លាប់គ្នា និងការបំផ្លិចបំផ្លាញ...ហើយបានកម្ទេចសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុង»។ លោកបន្ថែមថាអ៉ីរ៉ង់មិនបានយកសារធាតុអ៊ុយរ៉ាញ៉ូម ទៅលាក់ទុក មុនការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះទេ។
ក៏ប៉ុន្តែក្រុមអ្នកជំនាញជាច្រើន បានលើកឡើងក្នុងសប្ដាហ៍នេះថាអ៉ីរ៉ង់ទំនងជាបានយកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់អាចផលិតអាវុធនុយក្លេអ៊ែរ ចេញពីរោងចក្រនុយក្លេអ៊ែរ Fordow ទៅលាក់ទុកកន្លែងផ្សេង មុនអាមេរិកទម្លាក់គ្រាប់បែក។ អ៉ីរ៉ង់ជារឿយៗតែងតែអះអាងថាខ្លួនគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរឡើយ តែក្រោយការវាយប្រហាររបស់អាមេរិក សភាអ៉ីរ៉ង់ បានអនុម័តសេចក្ដីព្រាងច្បាប់មួយដោយព្យួរកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA៕