(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងដោះស្រាយបញ្ហាជម្លោះជាមួយប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងព្រឹត្តិការណ៍មួយនៅសេតវិមាន ជាទីដែលលោកបានគូសរំលេចនូវកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាជម្លោះជុំវិញពិភពលោក លោក ត្រាំ ត្រូវបានសាកសួរថាតើ រូបលោកពិតជាបានសរសេរលិខិតទៅកាន់ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដូចដែលត្រូវបានរាយការណ៍ក្នុងខែនេះ ដែរឬក៏អត់។ លោក ត្រាំ មិនបានផ្តល់ចម្លើយចំៗសម្រាប់សំណួរនោះឡើយ ដោយនិយាយថា «ខ្ញុំធ្លាប់មានទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន។ យើងនឹងរង់ចាំមើលថា តើវានឹងទៅជាយ៉ាងណា។ មានអ្នកខ្លះនិយាយថា វាអាចមានជម្លោះ ប៉ុន្តែខ្ញុំគិតថា ពួកយើងនឹងអាចដោះស្រាយចេញ»

លោក ត្រាំ និងលោក គីម ធ្លាប់បើកកិច្ចប្រជុំកំពូលទ្វេភាគីចំនួន៣លើក អំឡុងអាណត្តិកាន់អំណាចដំបូងរបស់លោក ត្រាំ កាលពីចន្លោះឆ្នាំ ២០១៧-២០២១ ហើយបានដោះដូរលិខិតជាមួយគ្នាជាច្រើន មុនពេលកិច្ចប្រឹងប្រែងការទូតមិនធ្លាប់មាននោះ បានដួលរលំទៅវិញ ដោយសារតែការទាមទាររបស់អាមេរិក ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ អំឡុងអាណត្តិទី២នេះ លោក ត្រាំ បានទទួលស្គាល់កូរ៉េខាងជើងជា «មហាអំណាចនុយក្លេអ៊ែរ» ខណៈកាលពីថ្ងៃទី១១ ខែមិថុនា សេតវិមានបាននិយាយថា លោក ត្រាំ នឹងស្វាគមន៍ការចាប់ផ្តើមទំនាក់ទំនងឡើងវិញជាមួយលោក គីម ប៉ុន្តែមិនបានទទួលស្គាល់ថា មានលិខិតណាមួយត្រូវបានផ្ញើទៅលោក គីម ដែរឬអត់ឡើយ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងជើងហាក់មិនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិលត្រឡប់មករកកិច្ចពិភាក្សាវិញ ចាប់តាំងពីការដួលរលំនៃកិច្ចប្រឹងប្រែងការទូតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៩ នោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើង បានពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគរបស់ខ្លួនយ៉ាងសកម្ម ហើយបានកសាងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី តាមរយៈការផ្តល់ការគាំទ្រដោយផ្ទាល់ ចំពោះសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ដែលទីក្រុងព្យុងយ៉ាងបានផ្តល់កងទ័ព ព្រមទាំងសព្វាវុធ៕