(ប៉េកាំង)៖ "ឆ្នាំនេះគឺជាខួបទី ៣០ នៃការដែលក្រុមហ៊ុន Qualcomm របស់អាមេរិកចូលក្នុងទីផ្សារចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរួមគ្នាធ្វើជាសាក្ស៊ីនៃការប្រែក្លាយពី អ្នកដើរតាមបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ទៅជាអ្នកនាំមុខនៅទូទាំងពិភពលោករបស់ចិន "។ នៅថ្ងៃទី ២៥ ខែមិថុនា លោក Meng Pu ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Qualcomm របស់អាមេរិកប្រចាំនៅតំបន់ចិនដែលអញ្ជើញចូលរួមក្នុងវេទិកា Davos រដូវក្តៅលើកទី ១៦ បានបញ្ចេញមតិយោបល់ដូចពោលខាងលើ។

វេទិកា Davos រដូវក្តៅលើកទី ១៦ ដែលបានប្រារព្ធធ្វើនៅទីក្រុងធានជីន ប្រទេសចិនពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនានេះបានទាក់ទាញភ្ញៀវកិត្តិយសជិត ១៨០០ រូបដែលមកពីប្រទេសនិងតំបន់ជាង ៩០ លើទូទាំងពិភពលោកឱ្យចូលរួម ក្រៅពីនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះ ក៏បានរៀបចំធ្វើសកម្មភាពអនុវេទិកាជិត ២០០ លើកផងដែរដើម្បីរួមគ្នាបញ្ចេញសំឡេង សម្រាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ។

បច្ចុប្បន្ននេះ និម្មាបនកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ កំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ។ ឯកតោភាគីនិយមនិងគាំពារនិយម បានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ បានឡើងកម្តៅ ហើយសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងឋ​ការវាយប្រហារស្ទួនគឺ "ពន្ធគយនិងសង្គ្រាម"។ ក្នុងបម្រែបម្រួលនិម្មាបនកម្ម កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកាន់តែ ត្រូវធ្វើសកម្មភាពប្រកបដោយលក្ខណៈស្ថាបនាថែមទៀត។ ដូច្នេះ ប្រទេសចិនបានលើកឡើងសំណើ ៣ ចំណុចដោយសង្កត់ធ្ងន់ថា ត្រូវដោះស្រាយវិវាទនិងការខ្វែងគំនិត តាមរយៈកិច្ចពិគ្រោះពិភាក្សាដោយសមភាព ត្រូវគាំពារផលប្រយោជន៍រួមក្នុងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ក៏ដូចជាត្រូវសម្រេចបាននូវការជួយគ្នាទៅវិញទៅមកក្នុងការពង្រីកកំណើនសេដ្ឋកិច្ច ដែលបានធ្វើឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវកិតិ្តយសដែលចូលរួមក្នុងកិច្ចប្រជុំនេះបាននាំគ្នាថ្លែងថា ក្នុងបរិបទអន្តរជាតិដែលពោរពេញទៅដោយបញ្ហាប្រឈម ប្រទេសចិននឹងនាំមកនូវកម្លាំងចលករថ្មីមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល និងសហគ្រាសពហុជាតិ។

នាពេលបច្ចុប្បន្ននេះ ទីផ្សារចិនកំពុងលើកកម្ពស់គុណភាពនិងពង្រីក ទ្រង់ទ្រាយជាបន្តបន្ទាប់ដែលបានបង្កើតលំហ កំណើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក យើងសម្រេចបាននូវការប្រើប្រាស់ជិត ៥០ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិន និងការនាំចូលលើសពី ២០ ទ្រីលានយាន់ប្រាក់ចិន ហើយសមិទ្ធផលទាំងនេះ ក៏ត្រូវបានពង្រីកឥតឈប់ឈរផងដែរ។

កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍដែលបង្កើតឡើងដោយប្រទេសចិន ក៏បានមកពីការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ផងដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន មានភាពសន្ទុះខ្លាំងក្លាជា ញឹកញាប់ដែលធ្វើឱ្យពិភពលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបរិយាកាសនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន ។ បរិមាណការងារសរុបនៃបុគ្គលិកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ចិន បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលបានបង្កើតជាប្រព័ន្ធមុខវិជ្ជាដ៏ពេញលេញបំផុត និងប្រព័ន្ធធនធានមនុស្សដែលមានទ្រង់ទ្រាយធំបំផុត នៅទូទាំងពិភពលោក ។ កត្តាសំខាន់ៗទាំងនេះបានទាក់ទាញប្រភពធនធាន សម្រាប់ការច្នៃប្រឌិតថ្មីសកលនិងប្រមូលផ្តុំនូវកម្លាំងច្នៃប្រឌិតថ្មី។

នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន J.P.Morgan Chase ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះ កំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ ។ ពីខែមករាដល់ខែឧសភា ឆ្នាំនេះ សហគ្រាសទុនបរទេសដែលបានបង្កើតឡើងថ្មី នៅប្រទេសចិនមានចំនួន ២ ម៉ឺន ៤ ពាន់ ១៨ សហគ្រាស បានកើនឡើង ១០,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សហគ្រាសពហុជាតិបានបញ្ជាក់ តាមរយៈសកម្មភាពជាក់ស្តែងថា មិនថាអតីតកាលឬក៏បច្ចុប្បន្នកាលក្តី ក៏ពួកគេសុទ្ធតែរំពឹងទុកថា នឹងធ្វើជាអ្នករួមដំណើរជាមួយប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន