(កៀវ)៖ អ៊ុយក្រែន បាននិយាយថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង និងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AP។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំងប្រព័ន្ធការពារដែនអាកាស Pantsir-S1 មួយគ្រឿងផងដែរ។

ខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការអះអាងរបស់អ៊ុយក្រែនទេ ដោយគ្រាន់តែឱ្យដឹងថាដ្រូនអ៊ុយក្រែនជាង ៤០គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់គ្រីមៀពេញមួយយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍៕