(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ​ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា បានដាក់ជូនបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ លោកស្រី ថ្វាយព្រះមហាក្សត្រថៃ។ តែអ្វីគួរឱ្យកត់សម្គាល់លោកស្រីនឹងកាន់តំណែងថ្មីមួយទៀតគឺរដ្ឋមន្ត្រីក្រសួងវប្បធម៌។ នេះបើតាមកាសែតថៃ The Nation។

ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaphon Nakphanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូវបានផ្ទេរទៅឱ្យកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី។

បើតាមកាសែតថៃ The Nation ការសម្រេចឱ្យលោកស្រី Paetongtarn កាន់តំណែង២ក្នុងពេលដំណាលគ្នា គឺជាផែនការត្រៀមបង្ការមួយ ខណៈមានការរំពឹងថា តុលាការធម្មនុញ្ញថៃអាចព្យួរលោកស្រីជាបណ្ដោះអាសន្នពីតំណែងជានាយករដ្ឋមន្ត្រី ជុំវិញញត្តិប្រឆាំងនឹងលោកស្រីពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ការកាន់តំណែង ២ ក្នុងពេលដំណាលគ្នា ក៏ត្រូវធ្លាប់ត្រូវបានអតីតនាយករដ្ឋមន្ត្រីថៃ​ លោក បា្រយុទ្ធ ចាន់អូចា អនុវត្តផងដែរ ដោយលោកបានកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិ ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី។ នៅពេលត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងជាបណ្ដោះអាសន្ន លោក ប្រាយុទ្ធ នៅតែអាចចូលរួមក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ៕