(បែរឡាំង)៖ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Wadephul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកជំនួយពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារមួយរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលមានការប្រើប្រាស់យន្តហោះដ្រូន មីស៉ីលគ្រូស និងមីស៉ីលបាលិស្ទីគ សរុបរាប់រយ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ គឺជាអ្នកគាំទ្រយោធាធំជាងគេលំដាប់ទីពីររបស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន បានស្ថិតក្រោមភាពស្រពេចស្រពិល ចាប់តាំងពីលោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់អំណាចវិញ ដែលជាហេតុដាក់សម្ពាធឱ្យអឺរ៉ុប បង្កើនការគាំទ្ររបស់ខ្លួន សម្រាប់ទីក្រុងកៀវ៕