(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកគ្មានផែនការ បន្តពន្យារការផ្អាករយៈពេល៩០ថ្ងៃ នៃចំណាត់ការដំឡើងពន្ធជាសកលលើប្រទេសជាច្រើនជុំវិញពិភពលោក ដែលនឹងឈានដល់ថ្ងៃកំណត់ នៅថ្ងៃ៩ ខែកក្កដា នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP។

លោក ត្រាំ បាននិយាយថា មុនពេលថ្ងៃកំណត់មកដល់ រដ្ឋបាលរបស់លោក នឹងផ្ញើលិខិតជូនដំណឹងទៅកាន់បណ្តាប្រទេសនានា ថាចំណាត់ការដំឡើងពន្ធរបស់លោក នឹងចូលជាធរមាន លុះត្រាតែពួកគេសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយដូច្នេះថា «យើងនឹងពិនិត្យមើលថា តើប្រទេសនីមួយៗធ្វើដាក់យើងដូចម្តេចខ្លះ... តើពួកគេជាប្រទេសល្អ ឬក៏មិនល្អ ខណៈប្រទេសមួយចំនួន គឺយើងមិនខ្វល់តែម្តង ដោយពួកយើងនឹងគ្រាន់តែផ្ញើតួលេខខ្ពស់មួយ ទៅកាន់ប្រទេសទាំងនោះ»។ បើតាមលោក ត្រាំ ក្នុងលិខិតទាំងនោះ នឹងមានខ្លឹមសារថា «សូមអបអរសាទរ យើងនឹងអនុញ្ញាតឱ្យអ្នកធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែអ្នកនឹងត្រូវបង់ពន្ធ២៥ភាគរយ ៣៥ភាគរយ ៥០ភាគរយ ឬ១០ភាគរយ ជាដើម»

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ លោក ដូណាល់ ត្រាំ បានប្រកាសចំណាត់ការដំឡើងពន្ធគយដ៏ចម្រូងចម្រាស លើប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក បានសម្រេចផ្អាកការអនុវត្តចំណាត់ការនោះវិញជាបណ្តោះអាសន្ន សម្រាប់រយៈពេល៩០ថ្ងៃ ដើម្បីទុកឱកាសឱ្យប្រទេសទាំងនោះ ចរចារកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ មកទល់ពេលនេះ អាមេរិកហាក់ទើបសម្រេចបានផ្លូវការ ​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេសមួយប៉ុណ្ណោះ ខណៈកាលពីចុងសប្តាហ៍មុននេះ លោក ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោន សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មគោលមួយ ជាមួយចិន។ កន្លងមក រដ្ឋបាលលោក ត្រាំ ធ្លាប់បានដាក់គោលដៅថា នឹងសម្រេចឱ្យបានកិច្ចព្រមព្រៀងជាមួយប្រទេសយ៉ាងហោច៩០ ក្នុងរយៈពេល៩០ថ្ងៃ៕