(ប៉េកាំង)៖ «ប្រទេសមួយ របបពីរ» ជាគោលនយោបាយជាតិមូលដ្ឋានរបស់ប្រទេសចិន និងជាគោលការណ៍ច្បាប់ដែលធានា នូវភាពរុងរឿង និងស្ថិរភាពរយៈពេលវែងសម្រាប់ហុងកុងក្រោយពេលដែលដែនដីនេះ បានវិលត្រឡប់មកកាន់ប្រទេសចិនវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។ គោលនយោបាយដែលអនុលោមទៅតាម ផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ផលប្រយោជន៍រួម ផលប្រយោជន៍សម្រាប់វិនិយោគិនបរទេស បានក្លាយជាផ្នែកមួយដ៏សំខាន់នៃការខិតខំរបស់ប្រទេសចិន ដើម្បីបំពេញនូវក្តីសុបិនចិនក្នុងការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនផងដែរ ហើយបានប្រសិទ្ធនាមដល់ហុងកុងថា «តំបន់រដ្ឋបាលពិសេសហុងកុង»

អត្ថិភាពដែលបាននិងកំពុងបង្កើនវឌ្ឍនភាពដ៏ខ្លាំងក្លាដល់ហុងកុង បានផ្តល់ទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ច្បាប់នេះជាការផ្តល់ នូវដំណោះស្រាយដ៏ល្អបំផុតចំពោះត្រីវិស័យអភិវឌ្ឍរបស់ហុងកុង ហើយក៏ជាការពន្លាតឱ្យពិភពលោក បានយល់ដោយគ្មានមន្ទិលពីភាពជោគជ័យនិងជាគោលដៅ ដែលទទួលបានការស្វាគមន៍ ដោយប្រជាជនចិនក្នុងហុងកុង និងក្នុងម៉ាកាវ ហើយនឹងបន្តទៅដល់តៃវ៉ាន់ផងដែរ ។ ដោយបញ្ជាក់ពីថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ប្រទេសចិននឹងរៀបចំធ្វើមហាសន្និបាតរំលឹកខួបទី៨០ ដែលជាការគូសរំលេចពីជ័យជម្នះដែលបានមកពីការលះបង់យ៉ាងធំធេង នៃប្រជាជាតិចិនទាំងមូល ហើយជាការលើកទឹកចិត្តដល់ប្រវត្តិវិទូសកលលោក ដើម្បីចែករំលែកឯកសារកាន់តែទូលំទូលាយ ទៅកាន់ពិភពលោក និងចងក្រងសៀវភៅដើម្បីលើកស្ទួយស្មារតី និងការពារសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់មនុស្សជាតិ ដើម្បីឱ្យជនរួមជាតិរបស់ខ្លួននៅកោះតៃវ៉ាន់ចងចាំពីប្រវត្ដិសាស្ដ្រ រម្លឹកនូវវិញ្ញាណក្ខន្ធជនបដិវត្តន៍ ស្រឡាញ់សន្តិភាព រួមដៃជាធ្លុងមួយស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។

«ប្រទេសមួយ របបពីរ» ជាការបំពេញតាមផលប្រយោជន៍របស់ជនរួមជាតិហុងកុង ដែលជាដើមចមបញ្ជាក់យ៉ាងច្បាស់ដោយ​រដ្ឋាភិបាលមជ្ឈិមចិនចំពោះភាពមិនងាករេ និងយ៉ាងប្រាកដប្រជាថា គោលការណ៍ច្បាប់នេះត្រូវបានអនុវត្តយ៉ាងពេញលេញ ដោយគ្មានការកែតម្រូវ ឬការប្រែប្រួលអ្វីឡើយនៅក្នុងក្រុងហុងកុង។ ជាក់ស្តែង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗចំនួន 25,200ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ កើនដល់53,900ដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដែលជាសច្ចភាពបញ្ជាក់ថា គោលការណ៍ច្បាប់នេះនឹងអាចនាំប្រទេសចិន បោះពួយនូវមហាដំណើររបស់ខ្លួនក្នុងទិសដៅដ៏ត្រឹមត្រូវ បន្តឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត និងរួមចំណែកកាន់តែសកម្មដល់ការចាក់បញ្ចូល កំណើនសេដ្ឋកិច្ចដល់ពិភពលោក ស្របនឹងចក្ខុវិស័យ៤ចំណុចគឺ៖

១) ការយល់ដឹងឱ្យបានត្រឹមត្រូវអំពីគោលការណ៍ «ប្រទេសមួយ របបពីរ» ពោលគឺ «ប្រទេសមួយ» ប្រៀបដូចជាឫសនៃដើមឈើ។ «របបពីរ» ជាការទំនុកបម្រុងអំណាចដោយរដ្ឋបាលមជ្ឈិម និងធានានូវស្វ័យភាពកម្រិតខ្ពស់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីឱ្យហុងកុងរក្សាបាននូវស្ថិរភាព និងឈានដល់ទិសដៅរបស់ខ្លួនស្របតាមគោលនយោបាយរបស់ប្រទេសចិន។ ២) ការធ្វើសកម្មភាពឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់មូលដ្ឋានរបស់តំបន់រដ្ឋបាលពិសេសហុងកុង ដែលជំហាននេះមានសារៈសំខាន់ ក្នុងការបង្កើនការគ្រប់គ្រងរដ្ឋតាមច្បាប់ និងដើម្បីលើកកម្ពស់នីតិរដ្ឋនៅហុងកុងផងដែរ។ ៣) ការបន្តការធ្វើការគ្រប់គ្រងលើ អធិបតេយ្យភាពលើហុងកុងដោយសន្តិភាព និងរក្សាឋានៈរបស់ហុងកុងក្នុងនាមជា មជ្ឈមណ្ឌលហិរញ្ញវត្ថុ ដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិក្នុងការជំរុញកំណើនបន្ថែម ជាមួយគ្នានេះ ការអភិវឌ្ឍជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័ស របស់តំបន់មហាដីគោកបានផ្តល់ នូវកាលានុវត្តភាពដ៏មានតម្លៃដែលជាប្រភពនៃកម្លាំងដ៏រឹងមាំ និងចន្លោះដ៏ទូលំទូលាយសម្រាប់ ការអភិវឌ្ឍរបស់ហុងកុង ។ ៤) ការរក្សាបរិស្ថានសង្គមប្រកបដោយភាពសុខដុម និងស្ថិរភាពជានិច្ចស្របតាមលំអានហុងកុង ដែលមានប្រព័ន្ធជាសង្គមពហុបក្សដោយបង្កើតឲ្យមាន មតិជាឯកច្ឆន្ទកាន់តែច្រើនដើម្បីផ្តល់ប្រយោជន៍កាន់តែធំជាងមុនដល់ហុងកុង។

«ប្រទេសមួយ របបពីរ» ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់ប្រទេសចិន បានផ្តល់នូវគំនិតថ្មី និងបទពិសោធន៍ជាក់ស្តែងដល់ សហគមន៍អន្តរជាតិយកទៅដោះស្រាយឆ្លើយតបលើបញ្ហាស្រដៀងគ្នានេះ។ បើយើងពិនិត្យលើជ្រុងសេដ្ឋកិច្ចមកធ្វើជាសូចនាករ នោះយើងនឹងអាចយល់បានថា កាលពីឆ្នាំ១៩៩៧ ផលិតផលក្នុងស្រុកសរុប (GDP) នៃតំបន់ហុងកុងមានចំនួន 173.6ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៧ បានកើនដល់407ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២៤ នោះយើងនឹងយល់ពីគោលនយោបាយ ប្រកបដោយភាពវាងវៃរបស់ថ្នាក់ដឹកនាំប្រទេសចិន តាមលំអានប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលក្នុងការចូលរួមចំណែករបស់ប្រទេសចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍសកលលោក។

បន្ថែមពីលើនេះ រយៈពេល២៨ឆ្នាំក្រោយការវិលត្រឡប់មករួមរស់ ក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហុងកុងជាដែនដីដែលបានតំណាងឲ្យទស្សនវិស័យរបស់ប្រទេសចិន ដែលជានិច្ចកាលតែងបានផ្តល់តម្លៃចំពោះការបើកចំហ និងប្រកបដោយបរិយាប័ន្នភាពចំពោះសេដ្ឋកិច្ច ក្នុងក្របខណ្ឌពហុភាគីនិយមនិងផលប្រយោជន៍ឈ្នះ-ឈ្នះ។ ក្រោយពីវិលចូលមករស់នៅ ក្នុងមាតុភូមិរបស់ខ្លួន រយៈពេល២៨ឆ្នាំមកនេះ ហុងកុងកាន់តែមានភាពកក់ក្តៅ ហើយបានដើរតួនាទីកាន់តែសំខាន់ដល់សេដ្ឋកិច្ចសកល ក្នុងនាមជាគណៈកណ្តាលហិរញ្ញវត្ថុអន្តរជាតិ ជាច្រកទ្វារបើកទូលាយ ដល់ពាណិជ្ជកម្ម ជាបង្អួចដ៏មានឥទ្ធិលដល់វិនិយោគិនបរទេស ជាច្រកកំពង់ផែអន្តរជាតិដ៏សកម្មសម្រាប់ វិស័យភស្តុភារកម្មពិភពលោក និងជាសមាជិកសកម្មនៃប្រព័ន្ធអន្តរជាតិ ដែលក្នុងនោះហុងកុងជាសមាជិករបស់ អង្គការពាណិជ្ជកម្មពិភពលោក(WTO) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងសមាជិករបស់អង្គការគយពិភពលោក (WCO) ជាដើម។ រយៈពេល២៨ឆ្នាំមកនេះ ហុងកុងបន្តកាន់តំណែងលំដាប់ថ្នាក់ទីបី ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើ ពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍ ដោយយោងតាម «សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅលើពិភពលោក» ថ្មីបំផុតប្រចាំខែមីនា ឆ្នាំ២០២៥នេះ ដែលជាការបង្ហាញថា «ហុងកុងជាទីផ្សារហិរញ្ញវត្ថុប្រកបដោយសេរីភាព ទំនុកចិត្តខ្ពស់ និងគោរពស្ដង់ដារអន្តរជាតិ»

ជារួម ចំពោះប្រទេសចិន «ប្រទេសមួយ របបពីរ» បានត្រៀមខ្លួនជាស្រេចដើម្បីជម្រាបជូនពិភពលោកថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំលើ គោលការណ៍ច្បាប់នេះដោយបញ្ជាក់ថាតំបន់រដ្ឋបាលពិសេសហុងកុង ជាសង្គមដែលសម្បូរបែប ដែលរដ្ឋបាលមជ្ឈិមចិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រាលមាគ៌ាអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដែលមិនគ្រាន់តែជាវិធីដ៏ល្អបំផុតតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាហុងកុង ដែលបន្សល់ទុកពីប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធរបបដ៏ល្អប្រពៃបំផុតសម្រាប់ឱ្យហុងកុងធានា ឬសគល់សម្រាប់អភិវឌ្ឍប្រជាធិបតេយ្យដោយរក្សាស្ថិរភាព និងវិបុលភាពជានិរន្តរ៍ ព្រមទាំងផ្តល់ទឡ្ហីករណ៍ដល់ពិភពលោកបន្តធ្វើជាសាក្សីថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដែលត្រូវបានអនុវត្តជាក់ស្តែងនៅហុងកុង និងម៉ាកាវនិយាយដោយឡែក និងបន្តអនុវត្តនៅតៃវ៉ាន់និយាយរួម នឹងក្លាយជាគោលការណ៍ ដែលទទួលបានជោគជ័យកាន់តែធំធេងសម្រាប់តំបន់ទាំងនោះ ក្នុងការរួបរួមសម្រេចបានកាន់តែឆាប់នូវ «ការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន»

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន