(វ៉ាស៊ីនតោន)៖ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា បាននិយាយថាពួកគេគាំទ្របទឈប់បាញ់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ហើយជំរុញឱ្យមានកិច្ចចរចាឡើងវិញដើម្បី ដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីខែមេសាមក អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចចរចាជាច្រើនជុំ សំដៅស្វែងរកដំណោះស្រាយការទូតមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ តេហេរ៉ង់បាននិយាយថាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនមានគោលដៅស៊ីវិល តែអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានចោទថាអ៉ីរ៉ង់មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេស G7 បានគូសបញ្ជាក់ ដូច្នេះថា «យើងអំពាវនាវឱ្យចាប់ផ្ដើមកិច្ចចរចាឡើងវិញ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ អាចផ្ទៀងផ្ទាត់បាន និងមាននិរន្តរភាពដែលអាចដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់»។ សេចក្ដីថ្លែងការណ៍នេះ ក៏បានជំរុញឱ្យភាគីទាំងអស់បញ្ចៀសរាល់ការធ្វើសកម្មភាពដែលនាំទៅរកការបង្កអស្ថិរភាពក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ឈានទៅដល់ការបិទបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ផ្ដើមចេញពីអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់៕