(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌ ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ប្រឆាំងនឹងរូបលោកថាបានប្រមាថ ព្រះមហាក្សត្រថៃ ធ្វើឡើងអំឡុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីជាង១០ឆ្នាំមុន។ នេះបើតាមកាសែត The Nation។

មេធាវីរបស់លោក Thaksin គឺលោក Winyat Chartmontree បានឱ្យដឹងថាលោក Thaksin នឹងចូលរួមក្នុងសវនាការជំនុំជម្រះនៅម៉ោង ៩ព្រឹក ថ្ងៃអង្គារ ទី១ ខែកក្កដា។ តុលាការព្រហ្មទណ្ឌថៃនឹងបើក សវនាការជំនុំជម្រះរយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃអង្គារ ទី១ ខែកក្កដា ដល់ថ្ងៃទី៣ ខែកក្កដា។ លោក Thaksin ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៥០០ ០០០បាត បន្ទាប់ពីត្រូវបាន ចោទប្រកាន់ជាផ្លូវការពីរាជអាជ្ញាថៃកាលពីខែសីហា ឆ្នាំ២០២៤។ លោកត្រូវបានហាមឃាត់ចេញក្រៅប្រទេស ដោយមិនមានការអនុញ្ញាតពីតុលាការ។

បទល្មើសពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រដែលគេចោទប្រកាន់ប្រឆាំងលោក Thaksin កើតឡើងមានអំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ឈ្មោះ Chosun, កាលពីឆ្នាំ២០១៥៕