(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយលុបចោលទណ្ឌកម្មលើស៊ីរី ដោយបិទបញ្ចប់ការកាត់ផ្ដាច់ប្រទេសនេះ ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ខណៈសហរដ្ឋអាមេរិកសន្យាជួយកសាងស៊ីរីឡើងវិញ ក្រោយត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ទៀតថាខណៈដកទណ្ឌកម្មពីស៊ីរី សហរដ្ឋអាមេរិកនឹងបន្តរក្សាការដាក់ទណ្ឌកម្មលើ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad មនុស្សជំនិតរបស់អតីតប្រធានាធិបតីរូបនេះ អ្នករំលោភបំពានសិទ្ធិមនុស្ស ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន រួមទាំងមនុស្សដែលមានជាប់ពាក់ព័ន្ធអាវុធគីមី ក្រុម ​ISIS និងសាខារបស់ ISIS។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani បាននិយាយថាការលុបចោលការដាក់ទណ្ឌកម្មលើស៊ីរីដោយរដ្ឋបាលលោក ត្រាំ នឹងបើកផ្លូវឆ្ពោះទៅរកការកសាង និងអភិវឌ្ឍប្រទេសស៊ីរីឡើងវិញ ហើយ បើកចំហប្រទេសស៊ីរីទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានជួបលោក ដូណាល់ ត្រាំ ក្នុងទីក្រុងរីយ៉ាដ កាលពីខែឧសភាកន្លងទៅ ជាទីដែលលោក ត្រាំ បានកែប្រែគោលនយោបាយដ៏សំខាន់មួយរបស់ សហរដ្ឋអាមេរិក នោះគឺការប្រកាសដកទណ្ឌកម្មពីស៊ីរី៕