(ប៉េកាំង)៖ នៅក្នុងសោកនាដកម្មនោះ កុមារី ស្យ៉ា ស៊ូឈីន ដែលមានអាយុ ៨ឆ្នាំបានបាត់បង់សាច់ញាតិ ៧ នាក់ ទាហានជប៉ុនមួយក្រុមបានសម្រុកចូលផ្ទះរបស់គាត់ សល់តែគាត់និងប្អូនស្រីដែលមានអាយុ ៤ឆ្នាំតែប៉ុណ្ណោះ។

«សំឡេងទ្រហោរយំនៅគ្រប់ទីកន្លែង សាកសពពាសពេញផ្លូវ» «សាកសពម្តាយ បងស្រី ប្អូនស្រី និងប្អូនប្រុសបាំងការពារទើបខ្ញុំរួចផុត ពីគ្រោះថ្នាក់» «ជប៉ុនវាយប្រហារតាមអាកាសបែបគំរាមកំហែងជាញឹកញាប់ មកលើទីក្រុងមួយនេះដែលមានប្រជាជនរាប់លាននាក់» «មនុស្សជាច្រើនត្រូវបានដុតសម្លាប់ ខ្ទមស្មៅរបស់ប្រជាជនក្រីក្រ តាមមាត់ទន្លេយង់ហ្សេឆេះឡើង»... ក្នុងការចងចាំរបស់សាក្សី ឆ្នាំនោះមិនមានរដូវទាំង៤ទេ មានតែរដូវរងា។

ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៩៣៧ កងទ័ពជប៉ុនដែលកំពុងឈ្លានពានចិនបានវាយលុកចូលទីក្រុងណានជីង ការសម្លាប់រង្គាលទ្រង់ទ្រាយធំ បានចាប់ផ្តើម ព្រមទាំងការចាប់រំលោភ ឆក់ប្លន់ និងការដុតភ្លើងទ្រង់ទ្រាយធំទៀតផង ដែលបានបន្តអស់រយៈពេល៤០ ថ្ងៃ ដែលបានបណ្តាលឱ្យមនុស្សលើសពី ៣ សែននាក់បានស្លាប់បាត់បង់ជីវិត។

ការសម្លាប់រង្គាលណានជីង ជាអំពើប្រល័យពូជសាសន៍តំណាងនៃពួកហ្វាស៊ីស ដែលកើតឡើងនៅឆ្នាំ១៩៣៧ ដែលជាឆ្នាំជប៉ុនឈ្លានពានចិនទាំងស្រុង ហើយប៉ុនប៉ងលេបយកទ្វីបអាស៊ីទាំងស្រុង។

នៅជួរមុខនៃការប្រយុទ្ធប្រឆាំងជាប់រហូត បក្សកុម្មុយនីស្តចិនបានជំរុញឱ្យបង្កើតរណសិរ្សបង្រួបបង្រួមស្នេហាជាតិ ព្រមជាមួយនេះ ចិនបានសាមគ្គីជាមួយប្រជាជនចំនួនជាង ៥០ប្រទេស កម្លាំងសច្ចធម៌បានប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធដើម្បីរស់រានមានជីវិត។

តើត្រូវវាស់ស្ទង់ពេលវេលាតាមរបៀបណា ចក្រវាឡផ្ដល់ចម្លើយតាមរយៈថ្ងៃរះនិងព្រះច័ន្ទលិច រីឯមនុស្សយើង វាស់ស្ទង់ពេលតាមការចងចាំ និងប្រវត្តិសាស្ត្រដែលបានកត់ត្រា។

ពេលបីកូនៗរត់គេចពីការវាយប្រហារតាមអាកាស សូមបីតែចម្ងាយរាប់សិបម៉ែត្រក៏បារម្ភខ្លាចថារត់ចេញមិនទាន់ ការចងចាំដែលរត់គេចពីកណ្ដាប់ដៃសត្រូវ ទោះបីរយៈពេលត្រឹមតែមួយម៉ោងក៏វាយូរជាងមួយថ្ងៃដែរ។

តើ ១៤ ឆ្នាំមានរយៈពេលយូរប៉ុណ្ណា ជាង៥ពាន់យប់និងថ្ងៃ ដែលស្មើនឹង ១សែន ៣ម៉ឺនម៉ោង។ ការប្រយុទ្ធប្រឆាំងជប៉ុនឈ្លានពាន សមរភូមិក្នុងប្រទេសចិនបានដើរតួនាទី ដែលមានលក្ខណៈសម្រេច ដែលបានពលីជីវិតមនុស្សដល់ទៅ ៣៥ លាននាក់។ ក៏ប៉ុន្តែ គិតត្រឹមពេលនេះ អ្នកដែលស្លាប់បាត់បង់ជីវិតនិងជនរងគ្រោះមិនទាន់ទទួលបាន ការសុំទោសពីរដ្ឋាភិបាលជប៉ុននៅឡើយទេ។

«ប្រវត្តិសាស្ត្រចារក្នុងដួងចិត្តរបស់ប្រជាជន។ ការបដិសេធប្រវត្តិសាស្ត្រឈ្លានពាន គឺជាការប្រមាថលើមនសិការមនុស្សជាតិ ។ បំភ្លេចប្រវត្តិសាស្ត្រមានន័យថាក្បត់» នេះបើតាមការលើកឡើងរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន