(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា បានជំរុញឱ្យក្រុមហាម៉ាសទទួលយកអ្វីដែលលោកហៅថា «សំណើចុងក្រោយ» សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ហើយដែលសំណើនេះនឹងត្រូវប្រគល់ឱ្យហាម៉ាសតាមរយៈក្រុមមន្ត្រីមកពីកាតា និងអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បាននិយាយថាក្រុមអ្នកតំណាងរបស់លោកបានបើកកិច្ចប្រជុំដ៏វែងអន្លាយ និងប្រកបដោយផ្លែផ្កាជាមួយ ក្រុមមន្ត្រីអ៉ីស្រាអែលអំពីតំបន់ហ្កាហ្សា។ លោកមិនបានបង្ហើបពីអត្តសញ្ញាណក្រុមមន្ត្រីតំណាងរបស់លោកទេ តែបេសកជនពិសេសអាមេរិក លោក Steve Witkoff រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងអនុប្រធានាធិបតី លោក JD Vance បានជួបពិភាក្សាជាមួយលោក Ron Dermer ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។
តាមលោក ត្រាំ អ៉ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ហើយអំឡុងបទឈប់បាញ់នេះសហរដ្ឋអាមេរិកនឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបិទបញ្ចប់សង្រ្គាម។ លោក ត្រាំ បន្ថែមថាអ្នកតំណាងមកពីកាតា និងអេហ្ស៉ីប នឹងប្រគល់សំណើចុងក្រោយទៅឱ្យក្រុមហាម៉ាស។
គួរបញ្ជាក់ថា លោក ត្រាំ ក្នុងថ្ងៃអង្គារដដែលនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកសង្ឃឹមថាបទឈប់បាញ់មួយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង អាចនឹងសម្រេច បាននៅសប្ដាហ៍ក្រោយ រវាងអ៉ីស្រាអែល និងហាម៉ាស ខណៈរូបលោកគ្រោងនឹងជួបលោក Netanyahu នៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕