(Reuters)៖ មន្ទីរបញ្ចកោណ បានផ្អាកការបញ្ជូនមីស៊ីលការពារដែនអាកាស និងអាវុធឆ្លាតវៃមួយចំនួនទៀតទៅឱ្យអ៊ុយក្រែន ដោយសារបារម្ភថាស្ដុកអាវុធអាមេរិកថយចុះ ខ្លាំងពេក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា។ មន្ត្រីទាំង២នាក់នេះបានប្រាប់ Reuters ថាការយឺតយ៉ាវក្នុងការបញ្ជូនអាវុធមួយចំនួនដែលបានសន្យាផ្ដល់ឱ្យអ៊ុយក្រែនដោយរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន កើតមានឡើងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ហើយមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសដើម្បីជួយអ៊ុយក្រែនបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ី ក៏ស្ថិតក្នុងចំណោមអាវុធ ដែលត្រូវបានផ្អាកក្នុងការបញ្ជូនទៅឱ្យទីក្រុងកៀវផងដែរ។
គួរបញ្ជាក់ថា រុស្ស៉ីដែលកំពុងគ្រប់គ្រង ១ភាគ៥នៃទឹកដីអ៊ុយក្រែន បាននិងកំពុងបន្តភាពរីកចម្រើនទៅមុខសន្សឹមៗ ក្នុងការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន នៅតំបន់ភាគខាងកើត ហើយកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន។ ជំនួយអាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនធ្លាប់ត្រូវបានផ្អាករយៈពេលខ្លីកាលពី ខែកុម្ភៈ និងផ្អាករយៈពេលយូរជាលើកទី២ កាលពីខែមីនា។ រដ្ឋបាលលោក ដូណាល់ ត្រាំបានចាប់ផ្ដើមបញ្ជូនកញ្ចប់ជំនួយអាវុធចុងក្រោយអនុម័តដោយលោក បៃដិន ទៅឱ្យ ទីក្រុងកៀវ តែមិនទាន់មានគោលនយោបាយថ្មីណាមួយត្រូវបានប្រកាសនៅឡើយទេ៕