(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដ៏មានសារៈសំខាន់ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពីជម្លោះរវាង អ៉ីរ៉ង់-អ៉ីស្រាអែល និងសង្រ្គាមអ៊ុយក្រែន ហើយនេះគឺជាកិច្ចសន្ទនាជាលើកដំបូងរវាងមេដឹកនាំទាំង២ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯទីក្រុងប៉ារីសវិញ ការិយាល័យរបស់លោក ម៉ាក្រុង បាននិយាយថាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន មានរយៈពេល២ម៉ោង ហើយលោក ម៉ាក្រុងបានអំពាវនាវឱ្យមាន ប​ទឈប់បាញ់មួយនៅអ៊ុយក្រែន ព្រមទាំងការចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។ ដោយឡែក បើតាមមន្ត្រីការទូតបារាំងម្នាក់ លោក ម៉ាក្រុង បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទាំងមុន និងក្រោយកិច្ចសន្ទនាជាមួយលោក ពូទីន ហើយលោក ម៉ាក្រុងក៏បានសន្ទនាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកអំពីកិច្ចសន្ទនារវាងលោក និងលោក ពូទីនផងដែរ។

ជុំវិញបញ្ហាអ៉ីរ៉ង់ និងអ៉ីស្រាអែល វិមានក្រឹមឡាំងបានឱ្យដឹងថា លោក ពូទីនបាននិយាយថាវាជារឿងចាំបាច់ក្នុងការគោរពសិទ្ធិរបស់អ៉ីរ៉ង់ ដើម្បីបន្តអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយ សន្តិភាព ព្រមទាំងការបន្តអនុវត្តរបស់អ៉ីរ៉ង់ អនុលោមតាមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា រដ្ឋសភាអ៉ីរ៉ង់បានអនុម័តសេចក្ដីព្រាងច្បាប់មួយកាលពីខែមិថុនា ដើម្បីព្យួរកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បន្ទាប់ពីអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយសំអាងថាដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់ជារឿយៗតែងតែអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមាន គោលដៅស៊ីវិលតែប៉ុណ្ណោះ៕