(ឡុងដ៍)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១ ខែកក្កដា បានអះអាងថា មនុស្សងាយរងគ្រោះបំផុតចំនួនជាង ១៤លាននាក់ នៅលើពិភពលោក ដែល១ភាគ៣ក្នុងចំណោមនោះ គឺជាកុមារតូចៗ អាចនឹងត្រូវបាត់បង់ជីវិត គិតត្រឹមឆ្នាំ២០៣០ ដោយសារតែការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងការស្រាវជ្រាវចេញផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអន្តរជាតិ The Lancet ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានប៉ាន់ប្រមាណឃើញថា មូលនិធិរបស់ទីភ្នាក់ងារផ្តល់ជំនួយបរទេសអាមេរិក USAID បានជួយទប់ស្កាត់ការស្លាប់របស់មនុស្សរហូតដល់៩១.៨លាននាក់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ កាលពីចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០២១។
ពួកគេបានប្រើប្រាស់គំរូសិក្សាខាងលើ ដើម្បីព្យាករថាតើ ការកាត់បន្ថយជំនួយប្រមាណ៨៣ភាគរយ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលអាមេរិក អាចប៉ះពាល់បែបណាដល់អត្រាមរណៈ។ ការព្យាករបានរកឃើញថា កាត់បន្ថយមូលនិធិជំនួយនោះ អាចនាំទៅរកការស្លាប់ដែលអាចបញ្ចៀសបាន សម្រាប់មនុស្សចំនួនជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០៣០។ តួលេខនេះ រួមបញ្ចូលកុមារជាង៤.៥លាននាក់ មានអាយុក្រោម៥ឆ្នាំ ឬស្មើនឹងការស្លាប់នៃកុមារប្រហែល៧០០ ០០០នាក់ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា មុនពេលលោក ដូណាល់ ត្រាំ វិលត្រឡប់មកកាន់អំណាចជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ ហើយចាប់ផ្តើមរុះរើ USAID ទីភ្នាក់ងារនេះ បានទទួលបន្ទុកផ្តល់ជំនួយសរុបជាង ៤០ភាគរយ នៃការផ្តល់មូលនិធិមនុស្សធម៌ជាសកល។ មូលនិធិរបស់ USAID ត្រូវបានរកឃើញថា មានប្រសិទ្ធភាពខ្ពស់ជាពិសេស ក្នុងការទប់ស្កាត់ការស្លាប់ដែលអាចបញ្ចៀសបាន ដោយសារជំងឺ៕