(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងពិចារណាបណ្តេញលោក Elon Musk ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីកំពូលមហាសេដ្ឋី ដែលកើតនៅប្រទេសអាហ្រ្វិកខាងត្បូងរូបនេះ បានរិះគន់សេចក្តីព្រាងកញ្ចប់ថវិកាដ៏សំខាន់របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ថាតើលោកអាចនឹងពិចារណាបណ្តេញលោក Musk ចេញពីសហរដ្ឋអាមេរិក ដែរឬអត់នោះ លោក ត្រាំ បានឆ្លើយតបថា «ខ្ញុំមិនច្បាស់ទេ ប៉ុន្តែយើងអាចនឹងពិចារណាលើរឿងនេះ»។ លោក ត្រាំ បានបន្ថែមថា អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល DOGE ដែលលោក Musk ធ្លាប់ដឹកនាំមុនលាលែងទៅវិញ កាលពីចុងខែឧសភា ក៏ប្រហែលនឹងត្រូវពិនិត្យមើលឡើងវិញ ចំពោះគោលការណ៍ផ្តល់ឧបត្ថម្ភធនរបស់រដ្ឋាភិបាល ចំពោះក្រុមហ៊ុននានារបស់មហាសេដ្ឋីរូបនេះផងដែរ។
លោកប្រធានាធិបតីអាមេរិក បានបន្តថា លោកជឿជាក់ថា លោក Musk វាយប្រហារលើសេចក្តីព្រាងកញ្ចប់ថវិកាដ៏សំខាន់របស់លោក ហៅថា One Big Beautiful Bill ដោយសារតែ នៅក្នុងនោះបានលុបចោលចំណាត់ការគាំទ្រយានជំនិះអគ្គិសនី (EV)។ លោក ត្រាំ បាននិយាយថា លោក Musk មិនពេញចិត្តរឿងបាត់បង់ការគាំទ្រ EV ប៉ុន្តែលោក ត្រាំ បានព្រមានថា លោក Musk អាចនឹងត្រូវបាត់បង់ច្រើនជាងនេះថែមទៀត។
កាលពីថ្ងៃចន្ទ លោក ត្រាំ ក៏ព្រលយសម្តីស្រដៀងគ្នានៅលើបណ្តាញសង្គមដែរថា បើកុំតែមានការផ្តល់ឧបត្ថម្ភធនពីរដ្ឋាភិបាទេនោះ ម៉្លេះលោក Elon Musk ប្រហែលជាបិទក្រុមហ៊ុនទាំងអស់ ហើយវិលត្រឡប់ទៅប្រទេសកំណើតនៅអាហ្រ្វិកខាងត្បូងវិញ មិនខានឡើយ។
គួរបញ្ជាក់ថា លោក Musk ដែលជាកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោក គឺជាម្ចាស់ជំនួយធំបំផុតរបស់ លោក ត្រាំ នៅក្នុងយុទ្ធការឃោសនាបោះឆ្នោតឆ្នាំ២០២៤ ហើយក្រោយលោក ត្រាំ ចូលកាន់តំណែងដំបូងៗ លោក Musk បានរក្សាវត្តមានជាប់ជាប្រចាំនៅក្បែរលោក ត្រាំ។ អ្នកទាំងពីរត្រូវគេមើលឃើញថា ហាក់មានទំនាក់ទំនងជិតដិតជាខ្លាំង។ យ៉ាងណាមិញ កាលពីដើមខែមិថុនា លោក Musk បានចាកចេញពីតួនាទីនៅសេតវិមាន ហើយបានឈ្លោះគ្នាជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម ជាមួយលោក ត្រាំ។ លោក Musk ថែមទាំងអំពាវនាវសាជាថ្មី ឱ្យមានការបង្កើតគណបក្សនយោបាយថ្មីមួយ ហៅថា America Party ប្រសិនបើសេចក្តីព្រាងច្បាប់ One Big Beautiful Bill ត្រូវបានអនុម័តជាផ្លូវការ៕