(ប៊ែន)៖ គណៈកម្មាធិការនៃសភាប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា បានបើកការស៉ើបអង្កេតទៅលើការទិញយន្តហោះចម្បាំង Lockheed Martin F-35A ចំនួន៣៦គ្រឿង ដែលឥឡូវសហរដ្ឋអាមេរិក កំពុងទាមទារលុយបន្ថែមរហូតដល់ ១.៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ស្វ៉ីសនិងអាមេរិក កំពុងនិយាយមិនត្រូវគ្នា ជុំវិញតម្លៃចុងក្រោយសម្រាប់យន្តហោះចម្បាំង ជាង៣០គ្រឿងខាងលើ ដែលត្រូវបាន​ទីក្រុងប៊ែនទិញដើម្បីយកមកជំនួស ក្រុមយន្តហោះចម្បាំងចាស់ៗរបស់ខ្លួន។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក DSCA ចង់ឱ្យភាគីស្វ៉ីស រ៉ាប់រងថ្លៃចំណាយបន្ថែម ប៉ុន្តែទីក្រុងប៊ែននិយាយថា ខ្លួនបន្តប្រកាន់យកតម្លៃដើមដែលបានព្រមព្រៀងគ្នា គឺ៦ពាន់លានស្វ៉ីសហ្រ្វង់ ឬស្មើនឹង៧.៦៥ពាន់លានដុល្លារអាមេរិក គិតតាមអត្រាប្តូរប្រាក់សព្វថ្ងៃ។

ទីភ្នាក់ងារ DSCA លើកឡើងថា ខាងទីក្រុងប៊ែនគួរតែជាអ្នករ៉ាប់រងថ្លៃចំណាយបន្ថែម ចំនួនចន្លោះ ៦៥០លានដុល្លារ ដល់១.៣ពាន់លានដុល្លារ ដែលបង្កឡើងដោយ អត្រាអតិផរណាខ្ពស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូករួមជាមួយការកើនឡើងតម្លៃនៃវត្ថុធាតុដើមនិងថាមពល។

រដ្ឋាភិបាលស្វ៉ីស ឈ្នះការបោះឆ្នោតប្រជាមតិ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងគម្លាតដ៏ស្តួចស្តើងបំផុតមួយ ដែលបានអនុម័តការចំណាយវិស័យការពារជាតិ ចំនួន៦ពាន់លានស្វ៉ីសហ្រ្វង់ សម្រាប់យន្តហោះចម្បាំងមួយក្រុមថ្មី។ យន្តហោះចម្បាំង F-35A ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ត្រូវបានជ្រើសរើសយក កាលពីខែមិថុនា​ ឆ្នាំ២០២១ ក្នុងចំណោមជម្រើសដទៃទៀត រួមមានយន្តហោះចម្បាំង Eurofighter របស់ក្រុមហ៊ុន Airbus, F/A-18 Super Hornet របស់ Boeing និង Rafale របស់ក្រុមហ៊ុនបារាំង Dassault។

គួរបញ្ជាក់ថា កិច្ចសន្យាទិញយន្តហោះចម្បាំង F-35A ទាំងនោះ ត្រូវបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលប្រាក់ ៦ពាន់លានស្វ៉ីសហ្រ្វង់ ស្មើនឹង ៦.២ពាន់លានដុល្លារអាមេរិក គិតតាមអត្រាប្តូរប្រាក់នាពេលនោះ ហើយយន្តហោះមួយចំនួនដំបូង ត្រូវបានកំណត់ថា នឹងប្រគល់ឱ្យដល់ដៃស្វ៉ីសនៅឆ្នាំ២០២៧៕