(បែរឡាំង)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា សារព័ត៌មានអាមេរិក Politico បានរាយការណ៍ថា អាល្លឺម៉ង់និងចក្រភពអង់គ្លេស គ្រោងចុះសន្ធិសញ្ញាការពារជាតិមួយ ដែលមានរួមបញ្ចូលនូវលក្ខខណ្ឌជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានការគំរាមកំហែងកើតឡើងចំពោះខាងភាគីណាមួយ។
កាលពីខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងអតីតអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានចេញសេចក្តីប្រកាសរួមមួយ សន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ លើវិស័យរាប់ចាប់តាំងពីពាណិជ្ជកម្ម រហូតដល់សន្តិសុខ។
បើតាម Politico កិច្ចព្រមព្រៀងទូលំទូលាយមួយ កំពុងស្ថិតក្រោមការសម្រេចចុងក្រោយ ហើយចំណុចដ៏សំខាន់មួយក្នុងនោះ គឺវិស័យការពារជាតិ។ Politico ដោយផ្អែកលើមន្រ្តី២រូបនៅទីក្រុងឡុងដ៍ បានរាយការណ៍ថា ក្នុងនោះរួមបញ្ចូលលក្ខខណ្ឌមួយ ដែលកំណត់ថា ការគំរាមកំហែងជាយុទ្ធសាស្រ្តនានា ចំពោះភាគីមួយ នឹងត្រូវចាត់ទុកស្មើនឹងការគំរាមកំហែងចំពោះភាគីមួយទៀត ហើយកិច្ចព្រមព្រៀងនោះ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខានៅថ្ងៃទី១៧ ខែកក្កដា។
គួរបញ្ជាក់ថា បើទោះបីប្រទេសទាំងពីរប្តេជ្ញាចំពោះអង្គការ NATO ដូចគ្នារួចហើយក៏ដោយ កិច្ចព្រមព្រៀងការពារជាតិខាងលើ រំលេចឱ្យឃើញពីការប្រែប្រួលក្នុងចំណោមក្រុមប្រទេសនៅអឺរ៉ុប មានទាំងអាល្លឺម៉ង់ ក្រោមអធិការបតី លោក Friedrich Merz ដើម្បីធ្វើការរួមគ្នាជិតស្និទ្ធជាងមុន ហើយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក នៅក្រោមប្រធានាធិបតី លោក ដូណាល់ ត្រាំ៕