(កៀវ)៖ រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្អាកការដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួនទៅកាន់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាសដ៏ចាំបាច់ផងដែរ ដោយសារតែការព្រួយបារម្ភថាស្តុករបស់សហរដ្ឋអាមេរិកមានកម្រិតទាបពេក។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះ បានបង្កឲ្យមានការព្រមានយ៉ាងខ្លាំងពីទីក្រុងកៀវនៅថ្ងៃពុធថា វានឹងធ្វើឲ្យសមត្ថភាពការពារខ្លួនចុះខ្សោយ។ ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅបេសកជនអាមេរិក ដើម្បីបង្ហាញការព្រួយបារម្ភ ដោយបញ្ជាក់ថា ការពន្យារពេលណាមួយ «នឹងលើកទឹកចិត្តឲ្យជនឈ្លានពានបន្តសង្គ្រាម»។ សមាជិកសភាការពារជាតិម្នាក់បានហៅការសម្រេចចិត្តនេះថាជា «រឿងគួរឱ្យឈឺចាប់» ខណៈដែលអ៊ុយក្រែនកំពុងរងការវាយប្រហារតាមអាកាសកាន់តែខ្លាំងពីសំណាក់រុស្ស៊ី។
មន្ទីរបញ្ចកោណបានអះអាងថា ខ្លួនកំពុង «ពិនិត្យ និងកែប្រែ» វិធីសាស្រ្តរបស់ខ្លួន ដើម្បីសម្រេចគោលដៅបញ្ចប់សង្គ្រាម ខណៈពេលដែលរក្សាការត្រៀមខ្លួនរបស់កងកម្លាំងអាមេរិក។ ផ្ទុយទៅវិញ វិមានក្រឹមឡាំងបានស្វាគមន៍ព័ត៌មាននេះ ដោយអះអាងថា ជម្លោះនឹងបញ្ចប់ឆាប់ៗ ប្រសិនបើអាវុធតិចជាងមុនហូរចូលអ៊ុយក្រែន។
គួរបញ្ជាក់ថា ការផ្អាកជំនួយយោធាសំខាន់ៗនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលកំពុងបង្កឲ្យមានការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រកិច្ចប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែនក្នុងរយៈពេលវែង៕