(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ បានបញ្ជាឲ្យមេដឹកនាំកុលសម្ព័ន្ធប្រដាប់អាវុធគូប្រជែងម្នាក់ ឲ្យចុះចាញ់ក្នុងរយៈពេល ១០ថ្ងៃ ដើម្បីប្រឈមមុខនឹងការកាត់ទោសពីបទ «ក្បត់ជាតិ» ដែលជាការបង្ហាញពីការតស៊ូដណ្ដើមអំណាចផ្ទៃក្នុងដ៏តានតឹងមួយនៅតំបន់ហ្គាហ្សា។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ពី «តុលាការបដិវត្តន៍» របស់ហាម៉ាស់ បានចោទប្រកាន់លោក Yasser Abu Shabab ពីបទក្បត់ជាតិ, លួចរថយន្តដឹកជំនួយ UN និងទទួលការគាំទ្រពីអ៊ីស្រាអែល។ ប៉ុន្តែ ក្រុមកុលសម្ព័ន្ធ Abu Shabab បានចំអកបទបញ្ជានេះថាជា «រឿងគួរឱអស់សំណើច» ហើយអះអាងថា ខ្លួនជាកម្លាំងប្រជាជនដែល «ការពារ» ជំនួយមនុស្សធម៌ពីចោរប្លន់ទៅវិញទេ។
លោក Abu Shabab ដែលបច្ចុប្បន្នកំពុងស្ថិតនៅតំបន់ Rafah ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល គឺនៅក្រៅដែនអំណាចរបស់ហាម៉ាស់។ ប្រភពបានឲ្យដឹងកាលពីខែមុនថា ហាម៉ាស់បានបញ្ជូនជនសកម្មប្រយុទ្ធកំពូលៗរបស់ខ្លួនទៅសម្លាប់មេកុលសម្ព័ន្ធម្នាក់នេះ។ ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនបានគាំទ្រកុលសម្ព័ន្ធមួយចំនួនប្រឆាំងនឹងហាម៉ាស់ ប៉ុន្តែមិនបានបញ្ជាក់ថាជាក្រុមណានោះទេ។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងហាម៉ាស់ និងកុលសម្ព័ន្ធ Abu Shabab បានលាតត្រដាងពីការបែកបាក់ផ្ទៃក្នុង និងការប្រជែងដណ្ដើមការគ្រប់គ្រងធនធាន និងទឹកដីនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលសង្គ្រាមជាមួយអ៊ីស្រាអែលនៅតែបន្ត៕