(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនកំពុងសិក្សា និងពិចារណាលើសំណើបទឈប់បាញ់ថ្មីមួយ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅថាជាសំណើ «ចុងក្រោយ» ហើយបានអះអាងថា អ៊ីស្រាអែលបានយល់ព្រមរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានបញ្ជាក់ថា ខ្លួនបានទទួលសំណើថ្មីនេះតាមរយៈអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា។ ទោះជាយ៉ាងណា ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា គោលជំហររបស់ខ្លួននៅតែមិនផ្លាស់ប្តូរ គឺដើម្បីឈានទៅដល់កិច្ចព្រមព្រៀងណាមួយដែល «ធានាការបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា»។

ការពិចារណារបស់ក្រុមហាម៉ាស់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានឯកភាពលើលក្ខខណ្ឌដែលចាំបាច់សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដែលជាការប្រកាសមួយបានបង្កើនក្តីសង្ឃឹមសម្រាប់លទ្ធភាពនៃការផ្អាកអំពើហិង្សា។

ប៉ុន្តែ ក្តីសង្ឃឹមទាំងនោះបានថមថយទៅវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខប្រកាសយ៉ាងច្បាស់លាស់ថា «នឹងមិនមានក្រុមហាម៉ាស់ទេ។ នឹងមិនមាន 'Hamastan' (រដ្ឋហាម៉ាស់) ទេ។ វាចប់ហើយ» ដែលជាជំហរផ្ទុយទាំងស្រុងពីខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់។

គួរបញ្ជាក់ថា ខណៈដែលក្រុមហាម៉ាស់កំពុងពិចារណាសំណើនេះ គម្លាតដ៏ធំរវាងការទាមទាររបស់ខ្លួនឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាស់ នៅតែជាឧបសគ្គដ៏ធំបំផុតចំពោះកិច្ចព្រមព្រៀងណាមួយ៕