(អឺរ៉ុប)៖ មនុស្សយ៉ាងហោច៤នាក់ នៅប្រទេសអេស៉្បាញ ២នាក់នៅប្រទេសបារាំង និង២នាក់ទៀតនៅប្រទេសអ៉ីតាលី បានស្លាប់ ស្របពេលដែលបាតុភូតរលកកម្តៅ កំពុងបន្តវាយលុកលើទ្វីបអឺរ៉ុបកាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។
អាជ្ញាធរនៅអេស៉្បាញ បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ Catalonia បានសម្លាប់មនុស្ស២នាក់ ហើយករណីមនុស្សស្លាប់ ដោយសាររលកកម្តៅ ក៏ត្រូវបានរាយការណ៍នៅតំបន់ Extremadura និង Cordoba ផងដែរ។ ទន្ទឹមគ្នា អាជ្ញាធរនៅបារាំង បានប្រកាសពីមនុស្សបាត់បង់ជីវិត២នាក់ ពាក់ព័ន្ធជាមួយនឹងកម្តៅ ហើយ៣០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ៉ីតាលី បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ សម្រាប់ទីក្រុងចំនួន១៨របស់ខ្លួន ខណៈសីតុណ្ហភាពក្នុងប្រទេសអាល្លឺម៉ង់ បានមើលឃើញការកើនឡើងដល់៤០អង្សាសេ នៅកន្លែងមួយចំនួន ដែលធ្វើឱ្យវាជាប់កំណត់ត្រាជាថ្ងៃដ៏ក្តៅបំផុតប្រចាំឆ្នាំ។ នៅអឺតាលី បុរស២នាក់អាយុលើស៦០ឆ្នាំ បានស្លាប់ក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា នៅឆ្នេរសមុទ្រលើកោះ Sardinia ដោយសារតែកម្តៅ។
ចំណែកប្រទេសតួកគីយ៉េ ក្នុងសប្តាហ៍នេះ បានជម្លៀសមនុស្សជាបណ្តោះអាសន្នប្រមាណ៥០ ០០០នាក់ ស្របពេលដែលខ្លួន ព្យាយាមទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែង។ សម្រាប់ភ្លើងឆេះព្រៃនៅតំបន់ Catalonia របស់អេស៉្បាញ វាបានបំផ្លាញកសិដ្ឋានអស់ប៉ុន្មានកន្លែង ព្រមទាំងប៉ះពាល់លើតំបន់មួយ គិតជាផ្ទៃដីទំហំប្រហែល៤០គីឡូម៉ែត្រ មុនពេលត្រូវគ្រប់គ្រងបាន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្រ្ត រលកកម្តៅនៅអឺរ៉ុបនាឆ្នាំនេះ បានមកដល់លឿនជាងធម្មតា ដោយវាធ្វើឱ្យសីតុណ្ហភាពនៅតំបន់មួយចំនួន កើនឡើងដល់១០អង្សាសេខុសពីរាល់ដង ស្របពេលដែលការកើនឡើងកម្តៅលើផ្ទៃសមុទ្រ លើកទឹកចិត្តឱ្យមានការកកើតបាតុភូតដំបូលកម្តៅ ដែលគ្របដណ្តប់លើភាគច្រើននៃទ្វីបអឺរ៉ុប ហើយវាបង្ខាំងទុកម៉ាសខ្យល់ក្តៅ។ ក្នុងឆ្នាំនេះ អេស៉្បាញបានទទួលរងខែមិថុនា ដែលក្តៅបំផុតក្នុងកំណត់ត្រា ខណៈបារាំងបានជួបខែមិថុនាដែលក្តៅខ្លាំងមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០០៣មក។ រីឯឆ្នាំ២០២៤កន្លងទៅ ត្រូវបានចាត់ទុកជា ឆ្នាំក្តៅបំផុតរបស់ភពផែនដីនៅក្នុងកំណត់ត្រា៕