(សេអ៊ូល)៖ ទីភ្នាក់ងារលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង DAPA បានឱ្យដឹងកាលពីថ្ងៃពុធ ទី២ ខែកក្កដា ថា កូរ៉េខាងត្បូងនិងប៉ូឡូញ បានបញ្ចប់ស្ថាពរនូវដំណាក់កាលចរចាគ្នា ស្តីពីការលក់រថក្រោះបន្ថែមឱ្យទៅប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារ DAPA បាននិយាយថា រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz និងក្រុមហ៊ុនកូរ៉េ Hyudai Rotem ដែលជាអ្នកផលិតរថក្រោះ K2 បានបិទបញ្ចប់កិច្ចពិភាក្សាចុងក្រោយរបស់ពួកគេហើយ និងគ្រោងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ដែលចូលរួមដោយមន្រ្តីជាន់ខ្ពស់មកពីប្រទេសទាំងពីរ។ ទំហំនៃកិច្ចព្រមព្រៀង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap កិច្ចព្រមព្រៀងនោះ ត្រូវបានប៉ាន់ស្មានថា មានតម្លៃប្រហែលជាង ៦ពាន់លានដុល្លារ និងរថក្រោះ K2 ចំនួន១៨០គ្រឿង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប៉ូឡូញធ្លាប់បានចុះកិច្ចព្រមព្រៀងជាច្រើន ជាមួយក្រុមហ៊ុនការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីទិញសព្វាវុធផ្សេងៗ រួមមានរថក្រោះ K2, កាំភ្លើងធំ K9 និងយន្តហោះចម្បាំងធុនស្រាល FA-50 ស្របពេលដែល​ប្រទេសអឺរ៉ុបមួយនេះ ខិតខំបង្កើនការចំណាយលើវិស័យការពារជាតិ ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នៅឆ្នាំ២០២២ ក្រុមហ៊ុន Hyundai Rotem បានចុះកិច្ចព្រមព្រៀងទំហំ៤.៥ទ្រីលានវ៉ុន ឬស្មើនឹង៣.៣ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់រថក្រោះ K2 ចំនួន១៨០គ្រឿងឱ្យប៉ូឡូញ៕