(បាងកក)៖ ប្រភពមួយពីមន្ត្រីសន្តិសុខថៃ បានឱ្យដឹងថាគ្រាប់បែកបង្កៃដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះនៅក្នុងខេត្ត Phuket, Phangnga និងខេត្ត Krabi ត្រូវបានជឿថាជាយុទ្ធសាស្ត្រមួយរបស់ក្រុមឧទ្ទាមក្នុងតំបន់ភាគខាងត្បូង ក្នុងគោលបំណងបំផ្លាញទំនុកចិត្តរបស់ភ្ញៀវទេសចរ និងធ្វើឱ្យខូចខាតដល់ សេដ្ឋកិច្ចរបស់ថៃ ជាពិសេសគឺវិស័យទេសចរណ៍តែម្ដង។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។

ក្រុមអ្នកជំនាញខាងសន្តិសុខ បាននិយាយថាការបង្កៃគ្រាប់បែក គឺជាយុទ្ធសាស្ត្រថ្មីរបស់ចលនា Barisan Revolusi Nasional (BRN) ដែលជាក្រុមឧទ្ទាម ផ្ដាច់ខ្លួនដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងត្បូងថៃ។ ផ្ទុយពីឧបទ្ទវហេតុកន្លងមក ការបង្កៃគ្រាប់ត្រូវបានធ្វើឡើងដោយមនុស្សមួយក្រុមដែលត្រូវបានក្រុមឧទ្ទាម នេះជ្រើសរើសឱ្យធ្វើជាសមាជិកថ្មីរបស់ពួកគេ ហើយអ្នកទាំងនេះមិនមានកំណត់ត្រាបទល្មើស ឬក៏កំណត់ក្នុងព័ត៌មានស៊ើបការណ៍សម្ងាត់នោះទេ ដែលនេះធ្វើ ឱ្យអាជ្ញាធរពិបាកកំណត់មុខសញ្ញា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ប៉ូលិសថៃបង្ហើបឱ្យដឹងពីការចាប់ខ្លួន​បុរស២នាក់មកពីទីក្រុង Pattani ក្នុងខេត្ត Phangnga កាលពីថ្ងៃទី២៤ ខែមិថុនា ដោយរកឃើញសម្ភារៈផលិតគ្រាប់បែក។ ការចាប់ខ្លួនបុរស២នាក់នេះបានជួយឱ្យអាជ្ញាធរថៃទប់ស្កាត់ការប៉ុនប៉ងបំផ្ទុះគ្រាប់បែកក្នុងខេត្ត Phuket ហើយពួកគេ បានសារភាពថាបានធ្វើសកម្មភាពតាមបញ្ជារបស់មេដឹកនាំក្រុមឧទ្ទាម BRN ដោយមានគោលដៅវាយប្រហារលើខេត្តសំខាន់ៗដូចជា Phuket, Phangnga និងខេត្ត Krabi ជាដើម៕