(ហ្សឺណែវ)៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី Francesca Albanese នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋនានា ផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុងចំពោះអ៊ីស្រាអែល ដោយបានចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើ «យុទ្ធនាការប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីទឹកដីប៉ាឡេស្ទីនរូបនេះ បានពណ៌នាស្ថានភាពនៅទីនោះថា «ដល់ចំណុចមហន្តរាយ»។ លោកស្រីបានបន្ថែមថា «អ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតមួយ ក្នុងប្រវត្តិសាស្ត្រសម័យទំនើប» ដែលសុន្ទរកថារបស់លោកស្រី បានទទួលការទះដៃអបអរយ៉ាងខ្លាំងក្លា។

លោកស្រីបានជំរុញឲ្យរដ្ឋទាំងអស់ «ដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុង និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់» ជាមួយអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់រល័យពូជសាសន៍ ដោយអះអាងពីសិទ្ធិការពារខ្លួន និងបានហៅរបាយការណ៍របស់លោកស្រី Albanese ថាជា «ការបរិហារកេរ្តិ៍»។

គួរបញ្ជាក់ថា ការចោទប្រកាន់ដោយប្រើពាក្យពេចន៍ធ្ងន់ៗ និងការអំពាវនាវឲ្យមានសកម្មភាពជាក់ស្តែងពីសំណាក់អ្នកជំនាញដែលចាត់តាំងដោយ UN នៅលើវេទិកាអន្តរជាតិ បានបង្ហាញពីកម្រិតធ្ងន់ធ្ងរ នៃការថ្កោលទោសដែលអ៊ីស្រាអែលកំពុងប្រឈមមុខ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា៕