(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេអំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន ខណៈវិមានក្រឹមឡាំងទទូចថាលោកប្រធានាធិបតីរុស្ស៉ីនៅតែប្រកាន់ខ្ជាប់ការសម្រេចបានឱ្យនូវគោលដៅសង្រ្គាមដែលបានកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថា «វាជាកិច្ចសន្ទនាវែងអន្លាយដ៏ល្អ។ យើងបានជជែកពីបញ្ហាជាច្រើនក្នុងនោះរួមមានទាំងអ៉ីរ៉ង់ ហើយក៏បានជជែកគ្នាផងដែរដូចដែលអ្នកទាំងអស់គ្នាបានដឹង នោះគឺសង្រ្គាមនៅអ៊ុយក្រែន»។ នៅពេលត្រូវបានសាកសួរថាតើរូបលោកជិត សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមហើយឬ? លោក ត្រាំ បានឆ្លើយថាលោកមិនមានភាពរីកចម្រើនណាមួយជាមួយលោក ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះទេ។
នៅឯទីក្រុងមូស្គូវិញ វិមានក្រឹមឡាំងបានចេញមកបញ្ជាក់ថាលោក ពូទីន នឹងមិនបោះបង់ចោលគោលដៅសង្រ្គាមរបស់រុស្ស៉ីនោះទេ។ «ប្រធានាធិបតីរបស់យើង បាននិយាយថារុស្ស៉ីនឹងសម្រេចឱ្យ បានគោលដៅរបស់ខ្លួនដែលបានកំណត់ នោះគឺលុបបំបាត់ចោលនូវឫសគល់ដែលនាំឱ្យមានសង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក Yuri Ushakov ជាទីប្រឹក្សារបស់លោក ពូទីន។
គួរបញ្ជាក់ថា រុស្ស៉ីក៏កន្លងមក បានដាក់លក្ខខណ្ឌបញ្ចប់សង្រ្គាមដោយទាមទារលុបបំបាត់ចោលឫសគល់នៃជម្លោះ ក្នុងនោះរួមមានការទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលមហិច្ឆតាចង់ក្លាយជា សមាជិក NATO៕